ជាការពិតណាស់បច្ចុប្បន្ននេះ ពិភពលោកកំពុងតែគំរាមកំហែងដោយសារតែវីរុសកូវីដ-១៩ បំប្លែងថ្មី Omicron ប៉ុន្តែនៅលើឆាកប្រកួតនៃកម្មវិធី Miss Grand International ក៏កំពុងតែពុះកញ្ជ្រោលនិងក្ដៅគគុកខ្លាំងមិនចាញ់គ្នាដែរ ព្រោះក្រោយពីប្រកួតឈុតតំណាងជាតិដែលបង្ហាញពីសិល្បៈ វប្បធម៌ អរិយធម៌ ជាតិសាសន៍នីមួយៗហើយនោះ មកដល់ពេលនេះបវរកញ្ញាទាំងអស់ត្រូវត្រៀមខ្លួនដើម្បិបញ្ចេញសមត្ថភាពនិងទេពកោសល្យខ្លួនក្នុងវគ្គប្រកួតបឋម (Preliminary Competition)។
យ៉ាងណាមិញឱកាសមួយទៀតដែលនឹងជួយឱ្យបវរកញ្ញាកម្ពុជាបានជាប់ចូលដល់វគ្គ Top10 នោះគឺតាមរយៈការបោះឆ្នោតនៅលើ App មួយដែលមានឈ្មោះថា Star Phone ដែលតម្រូវឱ្យមានការចាយប្រាក់បោះឆ្នោតដើម្បីទទួលបានពិន្ទុ ក្នុងនោះសង្កេតឃើញថាមានបុគ្គលល្បីៗក្នុងប្រទេសកម្ពុជា មិនថាជាតារា ថៅកែលក់ផលិតផលអនឡាញ និងសាធារណជនធម្មតា បានចាប់ផ្ដើមជះប្រាក់ពីក្នុងហោប៉ៅ ចូលរួមជួយបោះឆ្នោតដល់បវរកញ្ញាកម្ពុជាជាបន្តបន្ទាប់ហើយ។
នៅក្នុងចំណោមបុគ្គលល្បីៗដែលបង្ហាញទំនោរគាំទ្រចំពោះបវរកញ្ញាកម្ពុជា Miss Grand ប៉ូគីមថេង សុតធីតា ជាច្រើនរូបតាមរយៈបណ្ដាញសង្គម មកដល់ពេលនេះមានបុគ្គលល្បីៗមួយចំនួនបានចាប់ផ្ដើមបញ្ចេញទឹកប្រាក់ដើម្បីបោះឆ្នោតជួយបវរកញ្ញាខ្មែរឱ្យបានឡើងដល់វគ្គ Top10 ក្នុងនោះរួមមាន៖
-ឧកញ៉ា ទ្រី ដាណា ចូលរួមបោះឆ្នោតចំនួន ៥០០០ ដុល្លារ (៥ពាន់ដុល្លារ)
-លោកស្រី ស្រីអូន សម្រស់ធម្មជាតិ ចំនួន ២០០០ ដុល្លារ (២ពាន់ដុល្លារ)
-អ្នកនាង ពេជ្រ សោភា ចំនួន ៥០០ ដុល្លារ (៥រយដុល្លារ)