ក្រោយសាមីខ្លួន និងអ្នកគាំទ្របានរង់ចាំយ៉ាងអន្ទះសារ ទីបំផុតស្រីស្អាតទី៣ កញ្ញា ភុំ សោភ័ណ្ឌ បេក្ខនារីបវរកញ្ញាពិភពលោកតំណាងឱ្យប្រទេសកម្ពុជាបានធ្វើដំណើរទៅ ដល់ប្រទេសព័រតូរីកូ ដែលជាប្រទេសម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួត Miss World 2021 ដោយសុវត្ថិភាពហើយកាលពីព្រឹកមិញនេះ (ម៉ោងក្នុងស្រុកខ្មែរ)។
ក្រោយពីចុះនៅ ប្រទេសកូរ៉េខាងត្បូងដើម្បី Transit កាលពីម៉ោង ៨ព្រឹក ថ្ងៃទី៣ ធ្នូ ម្សិលមិញនេះ ឈានចូលមកដល់ព្រឹកថ្ងៃទី៤ ធ្នូ ឆ្នាំ២០២១ នេះ កញ្ញា ភុំ សោភ័ណ្ឌ បវរកញ្ញាតំណាងប្រទេសកម្ពុជា ជាអ្នកទី៣ហើយ ដែលមានភារកិច្ចចេញទៅ ប្រកួតដើម្បីលើកមុខមាត់ជាតិនៅ លើវេទិកាកម្រិតអន្តរជាតិបានទៅ ដល់ប្រទេសម្ចាស់ផ្ទះដោយសុវត្ថិភាពហើយ នេះបើយោងតាមការបង្ហោះរៀបរាប់ពីផេកហ្វេសប៊ុកផ្ទាល់ខ្លួនរបស់កញ្ញា។
អ្នកគាំទ្រ សាធារណជន និងមិត្តភក្ដិជិតស្និទ្ធបាននាំគ្នាចូលមកអបអរសាទរ និងលើកទឹកចិត្តចំពោះកញ្ញារូបស្រស់ម្នាក់នេះគ្រប់ៗគ្នា ក្រោយពេលបានដឹងដំណឹងថាកញ្ញាបានទៅ ដល់ដោយសុវត្ថិភាព។
កញ្ញា ភុំ សោភ័ណ្ឌនឹងលើកយកឈុត យក្សរាមសូរ ជាឈុតតំណាងជាតិក្នុងការប្រកួតបវរកញ្ញាពិភពលោក ដែលនឹងប្រព្រឹត្តិឡើងនៅ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅ ប្រទេសព័រតូរីកូ។
គួរដឹងថា ស្រីស្អាតកម្ពុជាចំនួន៣រូបហើយ កំពុងតែមមាញឹកយ៉ាងខ្លាំង ដើម្បីបញ្ចេញនិងបង្ហាញអស់សមត្ថភាពទេពកោសល្យរបស់ខ្លួន យកទៅ បង្ហាញលើឆាកអន្តរជាតិ ដើម្បីឱ្យបរទេសបានស្គាល់ពីភាពខ្លាំងរបស់កូនខ្មែរ តាមរយៈវេទិកាប្រកួតប្រជែងសម្រស់ក្នុងនោះមាន កញ្ញាប៉ូគីមថេង សុតធីតា កំពុងប្រកួតនៅ ប្រទេសថៃ Miss Grand International 2021 កញ្ញា ងិន ម៉ារ៉ាឌី កំពុងប្រកួតនៅ ប្រទេសអ៊ីស្រា អែល Miss Universe 2021 និងចុងក្រោយកញ្ញា ភុំ សោភ័ណ្ឌ ប្រកួត Miss World 2021 នៅ ប្រទេស ព័រតូរីកូ៕