ដូចមហាជនបានដឹងហើយថា កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២១នេះ បវរកញ្ញា ភុំ សោភ័ណ្ឌ ជា Miss World Cambodia 2020 ចាកចេញពីព្រលានយន្ដអន្ដរជាតិភ្នំពេញ ហោះឆ្ពោះទៅ ចូលរួមប្រកួតកម្មវិធី Miss World 2021លើកទី៧០ ដែលរៀបចំធ្វើឡើងនៅ ប្រទេស ព័រតូរីកូ ។ ការប្រកួតលំដាប់ពិភពលោកមួយនេះ នឹងប្រព្រឹត្តទៅ នៅ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នៅ ក្នុងទីក្រុង San Juan ប្រទេសព័រតូរីកូ ដែលមានបេក្ខភាពបវរកញ្ញាមានសម្រស់ស្រស់ស្អាតមកពីបណ្ដាប្រទេសទាំង ៨៣ ប្រទេស។
យ៉ាងណាមិញ គេបានឃើញបវរកញ្ញារូបនេះ បាននាំឈុតតំណាងជាតិកម្ពុជាឈ្មោះថា «យក្សរាមសូរ» យកទៅប្រកួតនៅលើវរទិកាប្រកួតលំដាប់អន្ដរជាតិ Miss World Cambodia 2021។ គេចាំបានថា ឈុតតំណាងជាតិ «យក្សរាមសូរ» នេះ ធ្លាប់បានលើកឡើងក្នុងការប្រកួត Miss Cambodia ម្ដងដែរហើយ ដែលឈុតនេះមានអត្ថន័យ និងដកស្រង់ចេញពីរបាំព្រះរាជទ្រព្យជាតិខ្មែរ គឺរបាំ “មណីមេខលា និងរាមសូរ។ “មណី” ( មណិ ) សំដៅលើដួងកែវវិសេស “មេខលា” ជានាមទេព្ដារក្សាសមុទ្ទ ច្រើននិទានក្នុងជាតកនោះ។ រីឯពាក្យ “រាមសូរ” ជានាមតួអង្គ “អសុរ”ឬ( យក្ខ ) មួយនៅក្នុងរបាំមួយនេះ។ អាវុធនៃតួអង្គនេះគឺ “ពូថៅ។ ពាក្យ “រាមសូរ” កើតផ្សំអំពីពាក្យ “រាម” + “អសុរ” បានជា “រាមសូរ។ ឈុតនេះត្រូវបានលាយបញ្ចូលគ្នាតាមបែបសម័យបូករួមទៅនឹងកាច្នៃប្រឌិតយ៉ាងល្អក្នុងគោលបំណងលើកស្ទួយស្នាដៃនៃអក្សរសិល្ប៍ប្រជាប្រិយខ្មែរ។
តាមការបង្ហោះរបស់ហ្វេសប៊ុកផេក Miss World Cambodia បានឱ្យដឹងថា ឈុតនេះបានរចនាឡើងម៉ូដឡើងដោយ លោក សួន តាមីង ដែលបានទទួលជ័យលាភីក្នុងការប្រកួតឈុតតំណាងជាតិក្នុងកម្មវិធីប្រកួត Miss Cambodia 2020។ ហើយសម្រាប់ឆ្នាំនេះ កម្មវិធីប្រកួត Miss World 2021 មិនមានការប្រកួត ឬការផ្តល់ពានរង្វាន់ចំពោះឈុតតំណាងជាតិដែលស្អាតជាងគេនោះទេ ។
គួរបញ្ជាក់ផងដែរថា បវរកញ្ញា ភុំ សោភ័ណ្ឌ គឺជាបេក្ខភាពបវរកញ្ញាទី២ តំណាឱ្យកម្ពុជាទៅប្រកួតនៅលើវេទិកា Miss World បន្ទាប់ពីបវរកញ្ញា វី ស្រីវីន Miss World Cambodia 2019។ កញ្ញា ភុំ សោភ័ណ្ឌ នាងមានអាយុ ១៩ ឆ្នាំ មានកម្ពស់ ១.៧០ម៉ែត្រ ហើយកញ្ញាកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្នែករដ្ឋបាលសាធារណៈ។ កញ្ញាមានសមត្ថភាពផ្នែកសិល្បៈដូចជា ច្រៀង និងលេងឧបករណ៍តន្ត្រីជាដើម៕