នៅ ​យប់​ថ្ងៃទី ១០ ខែធ្នូ យប់មិញ​នេះ វេទិកា​ប្រកួត Miss Universe Cambodia បាន​ឈានដល់​វគ្គ​ប្រកួត​បឋម​ឬ​វគ្គ​ណែនាំ​ខ្លួន និង បង្ហាញ​ប្រកួត​ឈុត​តំណាង​ជាតិ។ នៅ លើ​វេទិកា​នោះ បវរកញ្ញា ងិន ម៉ា​រ៉ា​ឌី បាន​គ្រង​ឈុត  «វប្បការិកា ចត្វា​និមិត្ត» យ៉ាង​ស្រស់​សោភា ប​ង្អូ​ត​សម្រស់​ឱ្យ​មហាជន​ជា​អ្នកគាំទ្រ​បាន​ទស្សនា។ នៅ ក្នុង​ការបង្ហាញ​លើ​វេទិកា​លំដាប់​ពិភពលោក​នេះ សម្រាប់ ម៉ា​រ៉ា​ឌី ពិតជា​គួរឱ្យ​សរសើរ​ខ្លាំងណាស់ ទាំង​ការតុបតែង​ខ្លួន ទាំង​ដំណើរ ទាំង​កាយវិការ​នៅ លើ​ឆាក គឺ​ល្អ​ស្រស់​ទាំង​ព្រម ធ្វើឱ្យ​អ្នកគាំទ្រ​របស់​បវរកញ្ញា​រូបនេះ កោតស្ញប់ស្ញែង​ខ្លាំង​មែនទែន។

យប់មិញ​អ្នកគាំទ្រ​បានឃើញ​ហើយ​ថា​កញ្ញា ងិន ម៉ា​រ៉ា​ឌី បាន​ព្យាយាម​ក្រសោប​ឈុត​ដោយ​ដៃ​ទាំងសងខាង នៅ ពេល​មាន​បញ្ហា​បន្តិចបន្តួច​បានកើត​ឡើង​នៅលើ​ឆាក​ប្រកួត ដោយ​មិន​បង្ហាញ​នូវ​ភាព​តក់ស្លុត និង​បាត់បង់​ម្ចាស់ការ​ចំពោះ​ខ្លួនឯង​ឡើយ ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​មាន​ក្ដីរំភើប​យ៉ាងខ្លាំង​ចំពោះ​បេ​ក្ខ​នារី​តំណាង​ប្រទេស​កម្ពុជា​រូបនេះ។

ក្រៅពី​កោតសរសើរ​ចំពោះ​បវរកញ្ញា​របស់ខ្លួន​ហើយ​នោះ អ្នកគាំទ្រ​ក៏​មិន​ភ្លេច​ថ្លែងអំណរគុណ និង​អរគុណ​ទឹកចិត្ត​របស់​ក្រុមការងារ​រៀបចំ​កម្មវិធី​ប្រកួត​នៅ​ប្រទេស​អ៊ីស្រាអែល​ឡើយ ព្រោះ​អ្នក​ទាំង​នោះបាន​ព្យាយាម​ជួយ​សម្រួល​ដល់​បវរកញ្ញា​កម្ពុជា​ឱ្យ​បញ្ចប់​នូវ​ការដើរ​បង្ហាញ​ឈុត​តំណាង​ជាតិ​របស់ខ្លួន​ដោយ​ជោគជ័យ។

ទង្វើ​ដ៏​ល្អ​របស់​ក្រុមការងារ​នេះ ឆក់​បាន​បេះដូង​មហាជន​កម្ពុជា​ឱ្យ​រំភើប​និង​រីករាយ​ជា​ពន់ពេក​ដែល​បវរកញ្ញា​កម្ពុជា​ត្រូវបាន​ក្រុមការងារ​ផ្ដល់នូវ​សារសំខាន់​និង​យកចិត្តទុកដាក់ ជាង​នោះ​ទៀត​អ្នកគាំទ្រ​ក៏​មិន​ភ្ល​ច​អរគុណ​ចំពោះ​ទង្វើ​ដ៏​ល្អ​មកលើ​បវរកញ្ញា​កម្ពុជា ងិន ម៉ា​រ៉ា​ឌី នោះឡើយ។

ក្រោយ​ហេតុការណ៍​ភ្លាត់ស្នៀត​ដោយសារ​បញ្ហា​បច្ចេកទេស​នេះ មហាជន​នៅ តែ​បន្ត​ជជែក​វែកញែក​គ្នា​ជា​បន្តទៀត​នៅលើ​បណ្ដាញ​សង្គម ដោយ​ភាគច្រើន​បាន​បន្ត​ចូលមក​សរសើរ​ចំពោះ​ស្រី​តូច​ច្រឡឹង​រូបនេះ​ថា ពិតជា​ស័ក្ដិ​សមជា​បេ​ក្ខ​នារី​តំណាង​ជាតិ​ព្រោះ​កញ្ញា​មាន​ជំហរ​រឹងមាំ​ល្អ មិន​ភ័យ​តក់ស្លុត ឆោឡោ ហើយ​ថែមទាំង​នៅ តែ​រក្សាបាន​នូវ​ស្នាមញញឹម ដែលជា​អត្តសញ្ញាណ​មួយ​នៃ​ជនជាតិខ្មែរ ដែលមាន​ស្នាមញញឹម​ប្រកបដោយ​មេត្រីភាព​ចំពោះ​មនុស្ស​នៅ ​ជុំវិញខ្លួន​ជានិច្ច មិន​ថា​នៅ ក្នុង​កាលៈទេសៈ​ណាមួយ​ឡើយ។

បញ្ហា​ដែល​កើតឡើង​ខាងលើនេះ​គឺជា​គំរូ និង​ជា​បទពិសោធន៍​ល្អ​មួយ​ដែល​បវរកញ្ញា​គ្រប់រូប​គួរតែ​កុំ​មើល​រំ​លឹ​ង ព្រោះ​ហេតុការណ៍​នឹកស្មាន​មិន​ដល់​អាច​កើតឡើង​ជានិច្ច ដូច្នេះ​បើទោះជា​ស្ថិតនៅក្នុង​ស្ថានការណ៍​បែបណាក៏ដោយ បវរកញ្ញា​ទាំងអស់​ត្រូវតែ​ចេះ​ដោះស្រាយ​ឱ្យបាន​គ្រប់​ស្ថានការណ៍ និង​ចេះ​គ្រប់គ្រង​អារម្មណ៍ កែខៃ​ស្ថានការណ៍​ឱ្យបាន​ប្រសើរ​ឡើងវិញភ្លាម។ សម្រាប់​ហេតុការណ៍​យប់មិញ​នេះ បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​គឺ​តែ​ត្រូវបាន​សរសើរ​និង​ទ​ទួ​កបាន​ពិន្ទុ​ពេញ ព្រោះ​ក្នុងឋានៈ​ជា​បវរកញ្ញា​មួយរូប កញ្ញា​ចេះ​បត់បែន​បាន​គ្រប់​ស្ថានភាព។

ជា​ចុងក្រោយ ពី​ក្រុម​សារព័ត៌មាន​ត្រយង​ផ្នែក​សិល្បៈ​កម្សាន្ដ យើង​នៅតែ​បន្ដ​លើកទឹកចិត្ត និង​ជា​កម្លាំងចិត្ត​ដល់​បវរកញ្ញា  ងិន ម៉ា​រ៉ា​ឌី  និង​បវរកញ្ញា​កម្ពុជា​គ្រប់រូប ក្នុងការ​លើកស្ទួយ​មុខមាត់​ជាតិ សិល្បៈជាតិ តាមរយៈ​វេទិកា​ប្រកួត​សម្រស់​លំដាប់​អន្តរជាតិ​ជាច្រើន​ទៀត៕

Telegram-Troryorng
Share.