ដូចមហាជនអ្នកគាំទ្របានជ្រាបមកហើយថា តារាចម្រៀងស្រី ទេព បូព្រឹក្ស បានសាងប្រវត្តិសាស្ត្រថ្មីសម្រាប់សិល្បៈចម្រៀងខ្មែរ ដែលបទចម្រៀង «វីរនារី» ឬ The Top Of The Lady ត្រូវបានមហាជនគាំទ្រនិងកោតសរសើរទូទាំងប្រទេសកម្ពុជាតែម្ដង។ មិនតែប៉ុណ្ណោះ ត្រឹមរយៈពេលខ្លីមែនទែន បទនេះបានបំបែកកំណាត់ត្រាជាបទចម្រៀងជាចំណាត់ថ្នាក់លេខ១ នៅ លើតារាង Music Charts In Cambodia ។ នេះជាអ្វីដែលតារាស្រីរូបនេះបានតាំងចិត្តចង់សាងបំពេញក្ដីស្រម៉ៃរបស់ខ្លួនដែលមានយូរហើយ និងជាបំណងចិត្តរបស់ហ្វេនដែលចង់ឃើញកូនខ្មែរផលិត MV ដ៏មានគុណភាព និងលំដាប់អន្ដរជាតិបែបនេះ។
នៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ តារាចម្រៀងស្រី ទេព បូព្រឹក្ស និងប្អូនប្រុសរបស់ ទេព បូព្រឹក្ស បានបង្ហាញវត្តមានចូលរួមទស្សនាស្នាដៃសិល្បករ និងវិចិត្រករ បានដាក់តាំងបង្ហាញ គំនូរ ចម្លាក់ ច្នៃប្រឌិតបែបសិល្បៈសហសម័យនៅកម្ពុជា នាបរិវេណសារមន្ទីខ្លែង។ តារាស្រីរូបនេះបានរួមដំណើរជាមួយអ្នកច្នៃម៉ូដល្បី លោក ឯម រាម ឈរបង្ហាញមហាជនអ្នកគាំទ្រឱ្យងាកមកចាប់អារម្មណ៍ពីស្នាដៃច្នៃប្រឌិតថ្មីពីបង្គុំចម្លាក់ «ឈុតស្បៃធំ» ដែលលោក ឯម រាម បានដកស្រង់គំនិតចេញពីរូបភាពនាដការបាំឈររាំនៅមុខប្រាសាទអង្គរវត្ត។
ជួបសម្ភាសជាមួយក្រុមអ្នកសារព័ត៌មានត្រយង តារាចម្រៀងស្រី ទេព បូព្រឹក្ស បានរៀបរាប់ថា ការដែលមកចូលរួមទស្សនាការដាក់តាំងបង្ហាញពិព័រណ៍ស្នាដៃសិល្បៈសហសម័យនៅសារមន្ទីរខ្លែងនេះ គឺចង់មកមើល ដើម្បីប្រមូលគំនិត ឬ Concept ថ្មីៗ ដើម្បីត្រៀមយកទៅដាក់ក្នុង MV បទចម្រៀងថ្មី ដែលគ្រោងនឹងថតក្នុងពេលឆាប់ៗនេះ។ កញ្ញាថា «បើមានបទទី១ហើយ ត្រូវតែមានបទទី២ ទី៣ ។ ហ្វេនតែងតែសំណូមពរ ឱ្យមានបទទី ២ បន្ដទៀត។ ការពិតទៅមិនបាច់សំណូមពរនោះទេ គឺខ្ញុំបានត្រៀមបទបន្ទាប់រួចរាល់ហើយ។ អ៊ីចឹងសម្រាប់ Concept ចំពោះបទក្រោយហ្នឹង ក៏វាមិនសូវខុសគ្នាប៉ុន្មាននោះទេ ដែលអាចនិយាយថា Concept ប្លែកពីមុនបន្ដិច តែទំហំនៃការថតគឺមិនចាញ់លើកមុនប៉ុន្មានទេ»។
តារាចម្រៀងស្រីរាងតូចច្រលឹងរូបនេះ បានអះអាងប្រាប់ទៀតថា ចំពោះរាល់ការផលិតបទចម្រៀងនីមួយៗ គឺកញ្ញាគ្មានការរំពឹងទុកជាមុនថា ជោគជ័យ ឬទទួលបានមកវិញនូវកម្រិតប៉ុណ្ណានោះទេ តែកញ្ញាថា កញ្ញាប្រឹងប្រែងផលិតឱ្យអស់ពីលទ្ធភាព សម្រិតសម្រាំងឱ្យអស់ជាមុនសិន ហើយទុកឱ្យហ្វេនអ្នកគាំទ្រជាអ្នកដាក់ពិន្ទុរ។ កញ្ញាថា «សម្រាប់បទបែបនេះ កន្លងមក ពីមុនៗ គឺខ្ញុំបានធ្វើវាហើយច្រើនដងដែរ តែកាលហ្នឹងមានបងប្អូនអ្នកគាំទ្រមួយចំនួននៅមិនទាន់យល់ច្បាស់ពីអ្វីទៅជាសិល្បៈសហសម័យ។ តែមកដល់បទ The Top Of The Lady នេះ យើងមើលឃើញថា ពួកគាត់យល់បានច្រើន ស្គាល់បានច្រើន ហើយបង្ហាញការពេញចិត្តជាខ្លាំងថែមទៀត។ កាលមុននោះ ឬក៏មកពីខ្ញុំដើរទៅលឿនមុនពួកគាត់ពេកក៏មិនដឹង»។
យ៉ាងណាមិញ កញ្ញា ទេព បូព្រឹក្ស បានបញ្ជាក់ទៀតថា ចំពោះបទថ្មីដែលមានចំនួន ២បទគ្រោងបញ្ចេញនេះ គឺនៅមិនទាន់បានផលិតនៅឡើយទេ ប៉ុន្ដែមានចម្រៀងត្រៀមទុកហើយ រីឯចង្វាក់ភ្លេងបែបណានោះ គឺមិនទាន់បញ្ជាក់បានទេ ទុកឱ្យអ្នកគាំទ្រតាមដានបន្ដទៀត។ កញ្ញាថា បទក្រោយនេះ ក៏នៅតែបង្ហាញពីសិល្បៈសហសម័យទៅកាន់ពិភពលោក ក៏ដូចជាអ្នកគាំទ្រទាំងអស់បានឃើញ ព្រោះកញ្ញាជាតារាស្រីម្នាក់ដែលនិយមតែងខ្លួនបែបសហសម័យ៕