ជិតមួយឆ្នាំហើយដែលផ្ទុះចេញពាក្យចចាមអារ៉ាមថាតារាសម្ដែងចិនតៃវ៉ាន់ Eddie Peng មានស្នេហាជាមួយនឹងតារាចម្រៀង Danson Tang មកដល់ពេលនេះលោកបានប្ដឹងឈ្នះក្ដីករណីនេះហើយ។ នេះបើយោងតាមការផ្សាយពីវែបសាយ dramapanda។
«ក្លែងក្លាយ។ អត់ប្រយោជន៍។ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ» នេះគឺជាសំដីឆ្លើយដោយកំហឹងរបស់ Eddie ចំពោះពាក្យចចាមអារ៉ាមដែលបានបែកធ្លាយនៅលើបណ្ដាញសង្គមកាលពីកំឡុងខែមករាឆ្នាំ២០២១។ ផលិតកម្មដែលគ្រប់គ្រងលើតារារូបនេះបានចេញមកគម្រាមប្ដឹងផ្ដល់ចំពោះអ្នកដែលចែករំលែកឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមនេះ។ ចំណែកឯតារាចម្រៀងដែលជាប់ឈ្មោះជាគូស្នេហ៍របស់លោក Dason ក៏មានខាងផលិតកម្មចេញមកច្រានចោល ព្រមទាំងអះអាងថានោះគឺជាដំណឹងក្លែងក្លាយ។
ក្រោយតស៊ូក្ដីជិតមួយឆ្នាំទីបំផុតមេធាវីតំណាងឱ្យ Eddie បានចេញមកចែករំលែកដោយអរគុណចំពោះភាពយុត្តិធម៌នៃប្រព័ន្ធតុលាការដោយក្នុងនោះផលិតកម្មរបស់ Eddie បានចេញមកបង្ហោះលិខិតសុំទោសពីស្ថាប័នមួយដែលបានបង្ហោះដំណឹងមិនពិតបង្កឱ្យកើតមានពាក្យចចាមអារ៉ាមផ្ទុះពេញលើបណ្ដាញសង្គមអនឡាញ ធ្វើប៉ះពាល់ដល់កិត្តិយសរបស់តារាសម្ដែងរូបនេះ។
ករណីនេះបានក្លាយជាឧទាហរណ៍មួយយ៉ាងល្អ ចំពោះអ្នកដែលចង់ធ្វើទីផ្សារហើយប្រើប្រាស់អណ្ដាតមិនបានត្រឹមត្រូវ អ្នកអាចនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះទង្វើមិនបានគិតពិចារណាឱ្យត្រឹមត្រូវរបស់អ្នក ហេតុនេះមុននឹងនិយាយអ្វីឬផុសអ្វី ចាំបាច់គួរពិចារណាឱ្យល្អិតល្អន់។