អ្នកចាត់ការទូទៅរបស់តារាសម្ដែង Barbie Xu បានចេញមកប្រកាសឱ្យអ្នកគាំទ្ររបស់តារាស្រីរូបនេះបានដឹងថាអ្នកនាងត្រូវការពេលវេលាខ្លះដើម្បីព្យាបាលរបួសដួងចិត្ត ដូច្នេះអ្នកនាងត្រូវដកឃ្លាចេញពីសិល្បៈមួយរយៈសិន។
យោងតាមប្រភពពីអ្នកជិតស្និទ្ធរបស់សាន់ឆាយបានឱ្យដឹងថាអ្នកម្ដាយវ័យ៤៦ឆ្នាំរូបនេះកំពុងត្រៀមខ្លួនត្រលប់មកប្រឡូកលើការសម្ដែងនិងច្រៀងយ៉ាងពេញទំហឹងវិញ។
ប៉ុន្តែអ្នកចាត់ការទូទៅរបស់តារាសម្ដែងរូបនេះបានចេញមកបង្ហើបឱ្យដឹងថាក្រោយលែងលះគ្នារួច Barbie បានលាក់ខ្លួន និងដកឃ្លាពីសិល្បៈមិនចូលរួមក្នុង Event ណាមួយឡើយ។ តំណាងឱ្យតារាសម្ដែងរូបនេះបញ្ជាក់ថារូបភាពដែលលេចចេញនៅលើអ៊ីនធឺណិតសុទ្ធតែជារូបភាពចាស់ៗនោះទេ។ តាមការឱ្យដឹងបន្ថែមពីតំណាងរបស់តារាស្រីរូបនេះបានរៀបរាប់ទៀតថា សាន់ឆាយពេលនេះ មិនមានអារម្មណ៍ចង់ធ្វើការងារនោះទេ នាងត្រូវការពេលវេលាខ្លះព្យាបាលបេះដូងខ្លួននិងកូន ក៏ដូចជារក្សាលំនឹងសម្រាប់ជីវិត។
ចំណែកឯប្អូនស្រីបង្កើតរបស់អ្នកមេម៉ាយថ្មីៗនេះបានចេញមកទម្លាយឱ្យដឹងដែរថាតារាសម្ដែងស្រីរូបនេះមិនចង់ចេញមកកាន់ទីសាធារណៈនោះទេ ប៉ុន្តែអ្នកនាងចង់នៅជាមួយនឹងកូនទាំងពីរឱ្យបានច្រើន។
មូលហេតុដែលតួឯកស្រីរឿង F4 «ស្នេហា៤ដួង» បានសម្រេចចិត្តលែងលះស្វាមីជាអ្នកជំនួញកាលពីខែវិច្ឆិកាឆ្នាំ២០២១ ក្រោយមានជម្លោះជាយូរមកហើយ។ ថ្មីៗនេះសាន់ឆាយបាននិយាយថាអតីតស្វាមីរបស់អ្នកនាងលោក Wang Xiaofei នៅក្មេងចំណែកអាជីពការងារក៏មានការរីកចម្រើនដូច្នេះអ្នកនាងសង្ឃឹមថាលោកនឹងជួបមនុស្សស្រីដែលល្អជាងអ្នកនាង។
សាន់ឆាយនិងស្វាមីបានរៀបការកាលពីថ្ងៃទី២០១១ក្រោយស្គាល់និងស្រលាញ់គ្នាត្រឹមរយៈពេល៤៩ថ្ងៃនិងជួបគ្នាត្រឹមតែ៥ដងប៉ុណ្ណោះ។ បន្ទាប់ពីរៀបការរួចសាន់ឆាយបានបែរខ្នងឱ្យរង្វង់សិល្បៈ ដោយចូលរួមតែក្នុងកម្មវិធីសិល្បៈមួយចំនួន ក៏ដូចជាថតផ្សព្វផ្សាយពាណិជ្ជកម្មខ្លះៗប៉ុណ្ណោះ៕