អាមេរិក – តារាសម្ដែងរូបសង្ហាលោក Brad Pitt បានប្ដឹងអតីតភរិយាអ្នកស្រី Angelina Jolie ករណីលួចលក់អចលនទ្រព្យនៅប្រទេសបារាំងដែលធ្លាប់ជាសហកម្មសិទ្ធរួមគ្នា។
កាលពីថ្មីៗនេះ TMZ បានចេញសេចក្ដីប្រកាសថាអ្នកមេម៉ាយ Angelina Jolie បានលក់វីឡាស្រាទំពាំងនៅប្រទេសបារាំងដោយ Brad Pitt មិនបានដឹងទាល់តែសោះ។ អ្នកម្ដាយកូនទាំង៦រូបនេះបានបដិសេធថា អតីតស្វាមីមិនមានសិទ្ធិក្នុងការដឹងមុននឹងការលក់ដូរត្រូវបានសម្រេចនោះទេ។
ចំពោះករណីនេះ Brad Pitt បាននិយាយថាទាំងសង្ខាងបានយល់ស្របមិនលក់ហ៊ុនដីដោយមិនប្រាប់ដំណឹងឱ្យភាគីម្ខាងទៀតដឹងនោះទេ។ ជាច្រើនឆ្នាំមកនេះតារាសម្ដែងហូលីវូដ Pitt បានចាប់ផ្ដើមចាប់អារម្មណ៍ចំពោះការផលិតស្រាក្រហមនិងអចលនទ្រព្យដែលផ្ដល់កម្រៃច្រើន។
យោងតាមប្រភពជិតស្និទ្ធនឹងតារាសម្ដែងល្បីពីភាពយន្ត «The Lost City» បានឱ្យដឹងថាតារារូបនេះកំពុងតែសោកសៅដោយសារតែទង្វើរបស់អតីតភរិយាព្រោះវីឡានោះ Brad Pitt គឺជាអ្នកដឹកនាំក្នុងការសាងសង់ដោយផ្ទាល់។
កាលពីឆ្នាំមុន Pitt ធ្លាប់បានប្ដឹង Jolie ដោយហេតុផលដូចគ្នានេះទៅកាន់តុលាការ Luxembourg ដោយលោកថែមទាំងចង់ទិញអចលនទ្រព្យនោះត្រលប់មកវិញថែមទៀតផង។ Brad Pitt និយាយថាអតីតភរិយាតែងតែជ្រៀតជ្រែកលើការងាររបស់លោកជានិច្ច។
កាលពីខែកក្កដា ឆ្នាំ២០២១ Jolie បានដាក់ស្នើទៅកាន់តុលាការឱ្យដកសេចក្ដីសម្រេចការបង្កកមរតករួមគ្នារវាងអ្នកទាំងពីរ ដោយបានលើកឡើងថាចង់លក់អចលនទ្រព្យនោះហើយចង់ឱ្យតុលាការអនុញ្ញាតព្រោះមានអ្នកចង់សុំទិញ។ គូស្នេហ៍ទាំងពីរបានជ្រើសរើសទិញដីកាលពីអាពាហ៍ពិពាហ៍ឆ្នាំ២០១៤។
កន្លងមកគូស្នេហ៍ទាំងពីរធ្លាប់ឆ្លងកាត់សង្គ្រាមក្នុងតុលាការដើម្បីដណ្ដើមកាន់កាប់អចលនទ្រព្យ។កាលពីពាក់កណ្ដាលឆ្នាំមុន Brad Pitt បានយកឈ្នះក្ដីនិងទទួលបានសិទ្ធិ៥០ភាគរយ។ យ៉ាងណាមិញ Jolie បានប្ដឹងជំទាស់ដោយសង្ស័យថាអតីតស្វាមីបានប្រើល្បិចសូកប៉ាន់តុលាការ។
បន្ទាប់មកនៅក្នុងខែកក្កដាឆ្នាំ២០២១ដដែលតុលាការ កាលីហ្វ័រនីញ៉ាបានប្រកាសសារជាថ្មីឱ្យផ្ដល់សិទ្ធិទៅឱ្យ Angelina Jolie ជាអ្នកគ្រប់គ្រងលើអចលនទ្រព្យ ខណៈដែល Brad Pitt បានត្រឹមតែទៅមើលដូចពីមុនប៉ុណ្ណោះ។ ប៉ុន្តែ Brad Pitt នៅតែបន្តស្នើឱ្យតុលាការពិនិត្យសើរើលើករណីនេះឡើងវិញ។
Brad Pitt និង Angelina Jolie បានរួមសម្ដែងភាពយន្តខ្នាតធំរួមគ្នាក្នុងរឿង Mr.and Mrs. Smith (2015) ក្រោយមក Brad បានលែងលះអតីតភរិយាលោកស្រី Jenifer Aniston ហើយមកសេពគប់ជាមួយនឹង Jolie។ អ្នកទាំងពីរបានរៀបការកាលពីឆ្នាំ២០១៤ ហើយមានកូនចំនួន៦នាក់រួមគ្នា ពីឆ្នាំក្រោយរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០១៦ Angelina Jolie បានលែងលះគ្នា៕