តារាសម្ដែងល្បីរបស់ប្រទេសចិនកញ្ញា Fan Bingbing នឹងបង្ហាញវត្តមានលើវិស័យសម្ដែងម្ដងទៀតបន្ទាប់ពីបាត់មុខរាប់ឆ្នាំ ក្នុងឋានៈជាតារាកិត្តិយសនៅក្នុងភាពយន្តភាគកូរ៉េ «Insider»។
យោងតាមការផ្សាយរបស់សារព័ត៌មាន The Fact បានចុះផ្សាយកាលពីថ្ងៃទី២១ បានឱ្យដឹងថាតារាសម្ដែងល្បីសញ្ជាតិចិនកញ្ញា Fan Bingbing បានបញ្ចប់ការថតរបស់ខ្លួននៅក្នុងភាពយន្តមួយរបស់ទូរទស្សន៍ JTBC នាសាធារណរដ្ឋកូរ៉េខាងត្បូង។ ចំពោះកាលបរិច្ឆេទនៃការថតនិងរូបភាពសម្ដែងផ្សេងៗត្រូវបានលាក់យ៉ាងជិតដោយក្រុមផលិតមិនមានបែកធ្លាយចេញមកក្រៅឡើយ។
ភាពយន្ត «Insider» គឺជារឿងរ៉ាវដែលផ្ដោតលើការសងសឹករបស់តួឯកប្រុស Kang Ha Neul ។ ចំណែកតួឯកស្រីគឺ Lee Young Yoo តារាសម្ដែងស្រីដែលកើតឆ្នាំ១៩៨៨។
នេះគឺជារឿងដំបូងដែលតារាស្រីរូបនេះសម្ដែងក្រោយផ្ទុះរឿងអាស្រូវគេចពន្ធកាលពីឆ្នាំ២០១៨។ សម្រាប់ប្រទេសចិនតារារូបនេះនៅតែស្ថិតក្នុងការរឹតបន្តឹងនិងហាមឃាត់ពីវិស័យសិល្បៈ។ ជិត៤ឆ្នាំហើយដែលតារារូបនេះមិនមានវត្តមានសម្ដែងឬចូលរួមក្នុងកម្មវិធីសិល្បៈធំៗរបស់ចិន មិនថាលើកញ្ចក់ទូរទស្សន៍ឬមហោស្រពនោះឡើយ។
យោងតាមការផ្សាយពី ATVnews បានប្រកាសថា Fan Bingbing ពិបាកនឹងវិលត្រលប់ទៅក្ដោបតំណែងជាកំពូលតារាសម្ដែងវិញណាស់ ព្រោះកាលពីឆ្នាំមុន រដ្ឋបាលប្រទេសចិនបានរឹតបន្តឹងច្បាប់ទៅលើសិល្បករដែលប្រព្រឹត្តិទង្វើផ្ទុយនឹងច្បាប់ ឬក៏មានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវ។ ចំណែកប្រធាននាយកដ្ឋានវិទ្យុនិងទូរទស្សន៍ប្រទេសចិនបានស្នើសុំកុំឱ្យមានវត្តមានរបស់តារាដូចរៀបរាប់ខាងលើអាចឡើងលើទូរទស្សន៍ ឬក៏ប្រព័ន្ធផ្សព្វផ្សាយអនឡាញ៕