នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្រសួងទេសចរណ៍បានផ្សព្វផ្សាយដំណឹងទាក់ទងនឹងវត្តមានរបស់កំពូលតារាសម្ដែងហូលីវីដ លោកស្រី Angelina Jolie ថាបានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរទៅកាន់ពិភពលោកនិងបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។
សូមចុចអាន គោលបំណងលោកស្រី Angelina Jolie និងកូនស្រី មកកម្ពុជាលើកនេះ ព្រោះប្រញាប់ធ្វើរឿងនេះ…
កាលពីថ្ងៃទី២០និងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅរមណីយដ្ឋានអង្គរ និងចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធី ចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ដែលជាកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការយូណេស្កូ ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា។ ក្រៅពីវត្តមានរបស់កំពូលតារាសម្ដែងកម្រិតអន្តរជាតិរូបនេះនៅទឹកដីអង្គរក៏ឃើញមាន កូនស្រីបង្កើតលោកស្រីគឺ Shilo Jolie Pitt វ័យ ១៥ឆ្នាំមកជាមួយគ្នាដែរ។
នៅក្នុងដំណឹងដែលផ្សាយដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនោះក៏បានបញ្ជាក់ឱ្យដឹងដែរថា៖ «កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងរមណីយដ្ឋានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។»
ក្រសួងបានគូសបញ្ជាក់ថាការបង្ហាញវត្តមានរបស់លោកស្រីទៅទស្សនាប្រាសាទអង្គរវត្ត ក៏បានជួយផ្សព្វផ្សាយ តំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ ដែលសកម្មភាពនេះបង្ហាញឱ្យឃើញថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព៕
ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ទស្សនាវីដេអូ Big News ៖