កាលពីពេលថ្មីៗនេះ សាធារណជន ពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលខ្លាំងដោយសារតែឃើញវត្តមានរបស់តារាហូលីវូដលោកស្រី Angelina Jolie បង្ហាញវត្តមាននៅទឹកដីសៀមរាប។ ឈានចូលដល់ថ្ងៃទី២៣ ម្សិលមិញនេះ មហាជនខ្មែរពិសេសអ្នកក្រុងភ្នំពេញកាន់តែមានការចាប់អារម្មណ៍ថែមទៀត ព្រោះលេចវត្តមានលោកស្រីនៅផ្សារទួលទំពូង ដើរមើលនិងទិញវត្ថុអនុស្សាវរីយ៍។
សូមចុចអាន វត្តមាន Angelina Jolie ជាសារសំខាន់មួយបញ្ជាក់ថាកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព!
ការពិតទៅ កំពូលតារាភាពយន្តជួរមុខរបស់ហូលីវូដរូបនេះបានធ្វើដំណើរមកកាន់ទឹកដីអង្គរដើម្បីចូលរួមពិធីសម្ពោធជាផ្លូវការ កម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី ( Women For Bees) ក្រោមកិច្ចសហការជាមួយនឹងអង្គការយូណេស្កូនិង សម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។ កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ តាមរយៈកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រីនេះ គេរំពឹងថានឹងជួយលើកកម្ពស់ស្ត្រីជាច្រើនរូបឱ្យមាន ជីវភាពកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
មិនត្រឹមតែមានវត្តមានតែក្នុងទឹកដីអច្ឆរិយៈប៉ុណ្ណោះទេ ព្រោះកាលពីថ្ងៃម្សិលមិញនេះ ស្រាប់តែលេចវត្តមានកំពូលតារាស្រីរូបនេះ នៅរាជធានីភ្នំពេញកណ្ដាលបេះដូងនៃប្រទេសកម្ពុជា ដោយគេឃើញអ្នកម្ដាយកូន៦រូបនេះបានធ្វើដំណើរទៅកាន់ផ្សារទួលទំពូង ដើររកមើលទិញវត្ថុអនុស្សាវរីយ៍ផងដែរ
ដោយឡែកកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ កំពូលតារាស្រី Angelina Jolie បានធ្វើឲ្យអ្នកនៅរាជធានីភ្នំពេញ ជាពិសេសគឺអាជីវករ នៅផ្សារទួលទំពួង មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកំពូលតារាស្រីដ៏ល្បីល្បាញរូបនេះ បានបង្ហាញវត្តមានដើរកម្សាន្ត និងទិញវត្ថុអនុស្សាវរីយ៍នៅក្នុងផ្សារទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ក្នុងពេលជាមួយគ្នានោះដែរ ក៏មានបងប្អូនអាជីវករ អ្នកដើរផ្សារបានសុំថតរូបជាមួយនឹងលោកស្រីដើម្បីទុកជាអនុស្សាវរីយ៍៕
ទស្សនារូបភាពដើរកម្សាន្តរបស់លោកស្រី Angelina Jolie នៅផ្សារទួលទំពូងខាងក្រោមនេះ៖
ប្រភព៖ ដើម្បីប្រជាជន រាជធានី