កំពូលតារាសម្ដែងហូលីវូដលោកស្រី អែនជេលីណា ចូលី (Angelina Jolie) បានបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលនៅលើទឹកដីសុវណ្ណភូមិនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងបេសកកម្មបំពេញការងារចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធី ចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) និងរមណីយដ្ឋានអង្គរ ដែលជាកិច្ចសហប្រតិបត្តិការជាមួយនឹងអង្គការយូណេស្កូ ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា។ យ៉ាងណាមិញ ថ្មីៗនេះលោកស្រីក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជាលើកដំបូងក្នុងដំណើរមកកម្ពុជាលើកនេះ នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់លោកស្រីផងដែរ។
លោកស្រី អែនជេលីណា ចូលី (Angelina Jolie) បានសរសេរដែលមានខ្លឹមសារថា «រយៈពីរបីថ្ងៃនៅប្រទេសកម្ពុជាក្នុងចំណោមប្រជាជនក្នុងតំបន់ដ៏មានភាពកក់ក្តៅ ហើយខ្ញុំមានអារម្មណ៍ថាព្រលឹងរបស់ខ្ញុំបានធូរស្បើយវិញហើយ។ កម្ពុជាតែងតែជាប្រទេសពិសេសសម្រាប់ខ្ញុំ និងគ្រួសាររបស់យើង។ រីករាយដែលបានជួបជុំមិត្តភ័ក្តិ និងសហការីនៅមូលនិធិ MJP ស្រុកសំឡូត។ ក្រុមអ្នកស្រុកទាំងមូលបានដំណើរការកម្មវិធីសម្រាប់សុខភាព និងការអប់រំ និងការអភិរក្ស។ ខ្ញុំបានចំណាយពេលខ្លះជាមួយមន្ត្រីអនុរក្សព្រៃឈើ ពិភាក្សាអំពីការទន្ទ្រានដី ការបរបាញ់ និងការគូសផែនទីផ្លូវល្បាតផងដែរ»។
លោកស្រី អេនជេលីណា ជូលី (Angelina Jolie) បានមកធ្វើទស្សនៈកិច្ចនៅប្រទេសកម្ពុជា លើកដំបូងក្នុងឆ្នាំ២០០០ ពេលដែលគាត់ផលិតខ្សែភាពយន្តរឿង Tomb Raider។ លោកស្រីបានជាប់ចិត្តជាមួយសម្រស់នៃប្រទេសកម្ពុជា ភាពអត់ធន់រាក់ទាក់ និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។ ១ឆ្នាំក្រោយមក គាត់បានត្រលប់មកវិញជាមួយនឹងកម្មវិធីរបស់ឧត្តមស្នងការជនភៀសខ្លួននៃអង្គកាសហប្រជាជាតិ (UNHCR) និងបានបង្កើត មូលនិធិអេមចេភី (MJP)នៅក្នុងឆ្នាំ២០០៣ ក្នុងរូបភាពជាកម្មវិធីអភិរក្ស និងអភិវឌ្ឍន៏សហគមន៍ នៅក្នុងតំបន់ការពារសំឡូត ខេត្តបាត់ដំបង។
គោលបំណងរបស់លោកស្រី អែនជេលីណា ចូលី គឺផ្តល់ការគាំទ្រដល់ភូមិនានានៅតាមជនបទ ថែរក្សាការពារព្រៃឈើ និងសត្វព្រៃដែលកំពុងរងការគំរាមកំហែង។ ការងារជាដំបូងរបស់លោកស្រីគឺចូលរួមបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចេញពីតំបន់ជនបទនៃស្រុកសំឡូត ដែលជាតំបន់មួយធ្លាប់មានជម្លោះប្រដាប់អាវុធយូរជាងគេក្នុងប្រទេស។ ក្នុងឆ្នាំ២០០៦ មូលនិធិអេមចេភី (MJP) បានពង្រីកកម្មវិធីរបស់ខ្លួន ដោយដាក់បញ្ចូលគម្រោងគាំទ្រវិស័យកសិកម្ម អប់រំ សុខាភិបាល និងកិច្ចពង្រឹងអំណាចស្ត្រី៕