សារព័ត៌មាន E!News បានចេញផ្សាយនៅពេលថ្មីៗនេះថា តារាសម្ដែងហូលីវូដ អ្នកនាង Angelina Jolie យល់ព្រមចុះកិច្ចព្រមព្រៀងជាមួយផលិតកម្ម Fremantle រយៈពេល៣ឆ្នាំក្នុងដឹកនាំសម្ដែង និងផលិតរឿងភាគឯកសារ «Without Blood» នៅក្នុងប្រទេសអ៊ីតាលី។ ការងារថ្មីមួយនេះ នឹងប្រតិបត្តិនៅដើមខែ ឧសភា ឆ្នាំ២០២២នេះ។
លោក Jennifer Mullin នាយកប្រតិបត្តិនៃផលិតកម្ម Fremantle បានលើកឡើងថា លោករំភើបណាស់ដែលបានអ្នកនាង Angelina Jolie ជាស្ត្រីដែលស័ក្ដសមបំផុតក្នុងដឹកនាំសម្ដែងរឿងភាគឯកសារមួយនេះ ដែលបានផ្ដោតសំខាន់ទៅលើ មនុស្សធម៌ និងកម្លាំងថាមពលនៃស្ត្រី។ មហិច្ឆតារបស់អ្នកនាង គឺជាកិច្ចការងារមនុស្សធម៌ទូទាំងពិភពលោក។ ផលិតកម្មបានរំពឹងទុកថា ភាពច្នៃប្រតិដ្ឋនៃភាពយន្ដ នឹងត្រូវលេចរូបភាពជាច្រើនតាមរយៈគំនិតអ្នកនាង Angelina Jolie ផ្ទាល់ ។
យ៉ាងណាមិញ អ្នកនាង Angelina Jolie ក៏បានលើកឡើងដែរថា «ដើម្បីឱ្យមានសេរីភាពនៃគំនិតច្នៃប្រតិដ្ឋនៃការនិទានរឿងទៅកាន់ទស្សនិកជនទូទាំងពិភពលោក នេះគឺជាចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះរវាងខ្ញុំ និងផលិតកម្ម Fremantle ។ ខ្ញុំរំភើបចិត្តដែលបានធ្វើការជាមួយនឹងក្រុមការងារដែលមានចំណង់ចំណូលចិត្ត និងសម្លឹងឆ្ពោះទៅមុខចំពោះទស្សនវិស័យអន្តរជាតិ និងកិច្ចការងារមនុស្សធម៌»។
ជាមួយគ្នានេះដែរ ក៏មានការរំពឹងទុកថារឿងភាគឯកសារ «Without Blood» គ្រោងនឹងចាក់បញ្ចាំងនៅក្នុង Netflix ដូចស្នាដៃភាពយន្ដឯកសាររឿង « First They kill My Father» ដើម្បីឱ្យមហាជនទូទាំងពិភពលោកបានទស្សនា៕