កោះតៃវ៉ាន់ – តារាចម្រៀងជើងចាស់និងជា DJ ល្បីមួយរូបលោក Koo Jun Yup បានប្រកាសនៅលើ Instagram របស់ខ្លួនដែលបង្កឱ្យហ្វេននិងសាធារណជនមានការភ្ញាក់ផ្អើល ព្រោះតែដំណឹងរៀបការរវាងលោកនិងអ្នកនាង Barbie Hsu ហៅសាន់ឆាយ។
នៅថ្ងៃទី៨ មីនា ឆ្នាំ២០២២ ដែលត្រូវនឹងថ្ងៃទិវាអន្តរជាតិនារី លោក Koo Jun Yup សមាជិកមួយរូបនៃក្រុម Clon បានប្រកាសពីដំណឹងរៀបការរបស់ខ្លួនដោយលោកបានបង្ហើបឱ្យដឹងថាលោក និង Barbie Hsu បានចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់ហើយ ហើយចាប់ពីពេលនេះតទៅអ្នកទាំងពីរនឹងចាប់ផ្ដើមរស់នៅជាមួយនឹងគ្នា។
យោងតាមការចែករំលែករបស់ DJ ជើងចាស់រូបនេះនៅលើបណ្ដាញសង្គមបានរៀបរាប់ថា៖ «ខ្ញុំរៀបការហើយ។ ខ្ញុំមានបំណងចង់ចងសម្ព័ន្ធភាពជាមួយនឹងមិត្តស្រីដែលមិនអាចជួបជុំគ្នាកាលពី២០ឆ្នាំឡើងវិញ។ ខ្ញុំបានឮដំណឹងលែងលះរបស់នាង ដូច្នេះហើយខ្ញុំបានស្វែងរកលេខទូរស័ព្ទកាលពី២០ឆ្នាំមុន ដើម្បីទំនាក់ទំនងទៅរកនាង។ សំណាងល្អដែលលេខរបស់នាងមិនបានផ្លាស់ប្ដូរ។ ពួកយើងមកដល់វ័យមួយដែលមិនអាចខាតពេលវេលាបានច្រើនទៀតបានទេ ហេតុនេះខ្ញុំបានស្នើសុំនាងរៀបការ ហើយនាងក៏បានយល់ព្រម ចាប់ពីពេលនេះតទៅពួកយើងនឹងរស់នៅជាមួយគ្នាហើយចុះសំបុត្រអាពាហ៍ពិពាហ៍។ សូមជួយអបអរសាទរអាពាហ៍ពិពាហ៍របស់ខ្ញុំផង»
ភរិយារបស់ Koo Jun Yup គឺជាតារាសម្ដែងដ៏ល្បីនិងមានកេរ្តិ៍ឈ្មោះខ្លាំងមួយរបស់ចិនតៃវ៉ាន់ ដែលប្រិយមិត្តកម្ពុជាស្គាល់ច្រើនតាមរយៈតួអង្គ សាន់ឆាយ ក្នុងរឿង «F4» កាលពីអំឡុងឆ្នាំ២០០០។ អ្នកទាំងពីរបានស្រលាញ់គ្នាកាលពីពួកគេនៅក្មេងៗបានប្រហែលមួយឆ្នាំ ហើយនៅពេលបានដឹងដំណឹង Barbie Hsu លែងលះជាមួយនឹងអតីតស្វាមី ដែលជាអ្នកជំនួយជនជាតិចិនកាលពីខែវិច្ឆិកាឆ្នាំ២០២១ លោកបានព្យាយាមទំនាក់ទំនងទៅនាងវិញ ហើយអ្នកទាំងពីរក៏បានចាប់ផ្ដើមសិក្សានិងសេពគប់គ្នារហូតឈានដល់អាពាហ៍ពិពាហ៍៕
ប្រភព៖ allkpop