ចិនតៃវ៉ាន់ – តារាសម្ដែង Barbie Hsu ហៅសាន់ឆាយកំពុងតែរងការវាយប្រហារនិងរិះគន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារតែនាងបានចំណាយលុយប៉ាវថ្លៃធ្វើចត្តាឡីស័កឱ្យ DJ Koo បុរសគូស្នេហ៍ថ្មីដែលនាងខានជួបអស់២៤ឆ្នាំ ប៉ុន្តែសម្រេចចិត្តរៀបការបែបផ្លេកបន្ទោរ។
នៅថ្ងៃទី១៥ នេះ តារាចម្រៀងនិងDJ ដ៏ល្បីល្បាញរបស់កូរ៉េ DJ Koo ត្រូវបានមើលការខុសត្រូវយ៉ាងយកចិត្តទុកដាក់ខណៈធ្វើចត្តាឡីស័កនៅទីក្រុង តៃប៉ិ ដោយ Barbie Hsu បានកក់សណ្ឋាការដែលមានតម្លៃ NT$៨,០០០ (ប្រមាណ ២៨០,៤៥ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃ ខណៈដែល DJ Koo ត្រូវធ្វើចត្តាឡីស័កសរុបរយៈពេល ១០ថ្ងៃ ដូច្នេះតម្លៃជារួមអស់ជាង២ពាន់ដុល្លារ។
មិនត្រឹមតែបង់ថ្លៃស្នាក់នៅប៉ុណ្ណោះ Barbie Hsu ថែមទាំងផ្គត់ផ្គង់ចំណីអាហារដល់លោក DJ Koo ដោយមានជំនួយការរបស់នាងជាអ្នកដឹកអាហារទៅសណ្ឋាគារតែម្ដង។ ការចំណាយរបស់សាន់ឆាយ ឱ្យដល់ DJ Koo បានធ្វើឱ្យផ្ទុះការជជែកវែកញែកនិងរិះគន់លើបណ្ដាញសង្គមរបស់ចិន Weibo ដោយមនុស្សរាប់ពាន់នាក់បានរិះគន់ដល់ DJ Koo ដែលពឹងផ្អែកលើមនុស្សស្រី ខណៈដែលខាងស្រីត្រូវបានស្នេហាបាំងភ្នែកជាដើម។
យ៉ាងណាមិញក៏មានអ្នកផ្សេងទៀតបានបញ្ចេញជាយោបល់ដែរថាអ្វីដែលសាន់ឆាយធ្វើនោះគឺជាទង្វើធម្មតា ព្រោះអ្នកទាំងពីរបានចុះឈ្មោះអាពាហ៍ពិពាហ៍នៅប្រទេសកូរ៉េរួចរាល់ហើយ គ្រាន់តែរងចាំចុះសំបុត្រអាពាហ៍ពិពាហ៍នៅកោះតៃវ៉ាន់ប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន Appledaily បានឱ្យដឹងថា អាស្រ័យដោយការចេញចូលកោះតៃវ៉ាន់ មានភាពតឹងរ៉ឹងដើម្បីឱ្យ DJ Koo អាចចូលកោះតៃវ៉ាន់បាន Barbie បានផ្ញើឯកសារដើម្បីទៅចុះឈ្មោះរៀបការនៅប្រទេសកូរ៉េជាមុនសិន។
ស្នេហាថ្មោងថ្មីរបស់សាន់ឆាយនេះ មិនត្រឹមតែមានមនុស្សមិនសាទរហើយសូម្បីតែម្ដាយបង្កើតរបស់សាន់ឆាយផ្ទាល់ ក៏ធ្លាប់ចេញមកបង្ហាញចំណាប់អារម្មណ៍មិនសប្បាយចិត្តចំពោះការសម្រេចចិត្តរៀបការបែបផ្លេកបន្ទោររបស់កូនស្រីខ្លួនជាមួយនឹងបុរសកូរ៉េ លោក Koo Jun Yup នោះផងដែរ៕
សូមចុចអាន – សាន់ឆាយ លែងប្ដីសេដ្ឋីទើបបាន៥ខែ ស្រាប់តែប្រកាសរៀបការប្ដីថ្មីជាតន្ត្រីករនិងDJ