ចិន – Hao Shao-Wen តារាសម្ដែងចិនតៃវ៉ាន់ ដែលល្បីល្បាញតាមរយៈតួអង្គលោកសង្ឃសៅលីង ឬរហស្សនាម «ព្រះអង្គម្ចាស់តូចសៅលីង» បានលត់ជង្គង់សុំមិត្តស្រីរៀបការ ហើយខាងស្រីក៏បានយល់ព្រមដែរ។
នៅថ្ងៃទី១ ខែមេសាស ឆ្នាំ២០២២នេះ តារាសម្ដែងវ័យ៣២ឆ្នាំបានបង្ហោះរូបភាពលោកនិងមិត្តស្រី ដោយភ្ជាប់ជាមួយនឹងសំនេរខ្លីថា «ចាប់ពីពេលនេះតទៅ ខ្ញុំជាបុរសរៀបការមានប្រពន្ធហើយ។ ពួកយើងនឹងរីករាយ ហើយអ្នកគ្រប់គ្នានឹងរីករាយដូចគ្នាដែរ។ ហាមអ្នកផ្សេងមកធ្វើបាបភរិយារបស់ខ្ញុំ»
តារាសម្ដែងរូបនេះបានតុបតែងផ្កានិងរូបថតជាច្រើនសន្លឹកនៅក្នុងកម្មវិធីនោះ រួចហើយបានសុំមិត្តស្រីរបស់គេរៀបការ។ កាលពីឆ្នាំ២០១៩ តារាសម្ដែងវ័យក្មេងដែលអ្នកគាំទ្រកម្ពុជាហៅថាអាម៉ាប់តូចបានសរសេរថា៖ «សំណាងល្អ បងបានជួបអូនក្នុងខែមករា ដូច្នេះឆ្នាំនេះបងមិនសូវចំណាយពេលវេលាចោលច្រើនទេ»
យោងតាម Appledaly អ្នកចាត់ការទូទៅរបស់ Steven Hao ( Hao Shao-Wen ) បាននិយាយថាមិត្តស្រីរបស់ Steven គឺជាអ្នក Makeup ឱ្យតួហើយអ្នកទាំងពីរស្គាល់គ្នាដោយសារតែបានរួមការងារជាមួយគ្នាជាច្រើនរឿង បន្ទាប់មកបានណាត់ជួបគ្នាជាងពីរឆ្នាំ។
គួរដឹងថា Steven Hao កើតនៅឆ្នាំ១៩៩០ នៅចិនតៃវ៉ាន់ គឺជាតារាសម្ដែងល្បីល្បាញតាំងពីវ័យកុមារដោយសារតែសម្ដែងជាតួអង្គកូនសង្ឃសៅលីងបែបកំប្លុកកំប្លែង «New Oolong Institute»៕