ចិន – ថ្មីៗនេះមានការចុះផ្សាយព្រោងព្រាតពីកាសែតកូរ៉េស្ដីពីដំណឹងដែលកំពូលតារាសម្ដែងស្រីឈានមុខប្រចាំប្រទេសចិនកញ្ញា Fan Bingbing នឹងបង្ហាញវត្តមានសម្ដែងរឿងជាលើកដំបូងក្រោយរដ្ឋបាលចិនហាមឃាត់មិនឱ្យកញ្ញាមានមុខនៅគ្រប់បណ្ដាញផ្សព្វផ្សាយទាំង Online និង Offline។
រឿងថ្មីដែលកញ្ញាសម្ដែងក្នុងនាមជាតារាកិតិ្តយសនេះគ្រោងនឹងបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ JTBC ដោយបច្ចុប្បន្នរឿងនេះបានថតចប់ជាស្ថាពរហើយ។ យ៉ាងណាមិញរូបភាពនិងសកម្មភាពថតដែលបែកធ្លាយចេញមកខាងក្រៅបានធ្វើឱ្យមហាជនមានការភ្ញាក់ ព្រោះតែរាជិនីសម្រស់ Fan Bingbing ហាក់ដូចជាបាក់ស្រុតសម្រស់ជាងមុនខ្លាំងពេក។
ភាពយន្តដែល ហ្វាន ពីងពីង (Fan Bingbing) បានចូលរួមសម្ដែងជាតារាកិត្តិយសមានចំណងជើងថា «Insider» ជារឿងភាគបែបវាយប្រហារបង្កប់ទៅដោយអាថ៌កំបាំង សាច់រឿងផ្ដោតទៅលើបុរសម្នាក់ដែលឆ្កួតវង្វេងទៅនឹងការសងសឹកតាំងពីតូចរហូតដល់ធំ ហើយជីវិតរបស់គេបានធ្លាក់ដល់ចំណុចមួយដែលទាបជាទីបំផុត។
តាមដឹងរឿងភាគថ្មីរបស់កូរ៉េខាងត្បូងនេះបានកំណត់កាលបរិច្ឆេទបញ្ចាំងនៅក្នុងកំឡុងខែមេសាឆ្នាំ២០២២នេះហើយ។