នៅក្នុងកិច្ចសម្ភាសនាកម្មវិធីទូរទស្សន៍មួយលោក Wayne Lai បានរំលឹកដល់ Tony Leung (លាង ឆាវវ៉ៃ) ឬ ដែលប្រជាជនខ្មែរធ្លាប់ស្គាល់តាមរយៈតួអង្គ ចាង អ៊ូជី(ហុងកុង) ថាមានពេលមួយនោះលោក Tony Leung ធ្វើការងារធ្ងន់រហូតមិនបានគេង៤ថ្ងៃជាប់គ្នា ថែមទាំងធ្វើឱ្យគេឆោឡោព្រោះគិតថាលោកស្លា.ប់ទៀត។
រឿងរ៉ាវរបស់ Tony ដែលត្រូវបានលើកយកនិយាយដោយ Wayne បានធ្វើឱ្យអ្នកទស្សនាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិននឹកស្មានថាទម្រាំមានកេរ្តិ៍ឈ្មោះល្បីដូចសព្វថ្ងៃ លោកបានធ្វើការងារធ្ងន់និងប្រឹងប្រែងខ្លាំងដល់ថ្នាក់ហ្នឹងសោះ។
Wayne Lai បានរំលឹកថានៅឆ្នាំ១៩៨៨ លោកបានសម្ដែងរឿង «Where Heroes Dare» ក្នុងរឿងនោះ Tony Leung ត្រូវសម្ដែងជាតួអង្គកូនភ្លោះ ដូច្នេះបានសេចក្ដីថាគាត់ត្រូវធ្វើការងារធ្ងន់ជាងមិត្តរួមការងារ ព្រោះឈុតឆាកថតភាគច្រើនគឺសុទ្ធតែជាគាត់ ហេតុនេះគាត់មានពេលសំរាកបានតិចបំផុត។
Wayne Lai ក៏បានឱ្យដឹងដែរថាកាលណោះ TVB មិនមានបន្ទប់សំរាប់ឱ្យតារាសំរាកនោះទេ ដូច្នេះអ្នកដែលចង់គេគឺបានត្រឹមតែគេងលើកៅអីក្បែរឆាកសម្ដែងប៉ុណ្ណោះ។ ព្រឹកមួយក្រុមការងារដើររកគាត់ព្រោះត្រូវដល់ឈុតថត តែនៅពេលដែលគេរកឃើញ គាត់គេងប្រៀបដូចជាមនុស្សស្លាប់ ដំបូងគ្រប់គ្នាធ្វើធម្មតាព្រោះដឹងថាគាត់គេមិនគួររំខាននោះទេ តែរឿងនោះមិនធ្វើឱ្យក្រុមការងារភ័យរន្ធត់ដូចឃើញមាត់គាត់បែកពពុះស្កុលនោះទេ ពេលនោះហើយដែលក្រុមការងារនឹកស្មានថាគាត់ស្លាប់។
ចុងក្រោយទើបគេដឹងថាដោយសារតែគាត់ហត់និងបាក់កម្លាំងដោយសារតែថតច្រើនមិនមានពេលសំរាក ទើបធ្វើឱ្យគាត់គេងលក់ស្ដូកស្ដឹងមិនដឹងខ្លួនចំណែកពពុះចេញពីមាត់នោះគឺជាទឹកមាត់របស់គាត់តែប៉ុណ្ណោះ។
បន្ទាប់ពីមិត្តធ្លាប់រួមការងារឡើងលើកម្មវិធីទូរទស្សន៍ហើយទម្លាយអាថ៌កំបាំងកាលពី៣៣ឆ្នាំមុន ធ្វើឱ្យទស្សនិកជនចង់ដឹងថា តើ Tony Leung (លាង ឆាវវ៉ៃ) មានអារម្មណ៍បែបណាដែរ?