ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកុងតឺន័រសង្ស័យងោកមួយភាំងជ្រុលបុកពីក្រោយរថយន្តយីឌុបកំពុងឈប់ចិញ្ចើមផ្លូវរុញទៅបុកទ្វាផ្ទះប្រជាពលរដ្ឋបន្តទៀតរងការខូចខាត បណ្ដាលអោយរបួសធ្ងន់ស្រាល៣នាក់ ចំណែករថយន្តទាំង២គ្រឿងខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីទាបភ្លឺថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២២នៅចំណុចផ្លូវបេតុងលូប្រាំ ភូមិដំណាក់ធំ ៣សង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ផ្លាកលេខកណ្ដាល 3A-1123 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានឈប់អែបនឹងចិញ្ចើមផ្លូវ ស្របពេលមានរថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ត្រួយចេកពាក់ផ្លាកលេខភ្នំពេញ3B-3790 បើកបរដោយបុរសម្នាក់រួមដំណើជាមួយនិងព្រូម្នាក់ទៀត បើកក្នុងល្បឿនលឿនធ្វើដំណើរស្របគ្នាសង្ស័យអ្នកបើកបរងោកក៏ជ្រុលទៅបុករថយន្តយីឌុបពីក្រោយយ៉ាងពេញទំហឹង បណ្តាលរថយន្តកុងតឺន័ររួញមួយកំណាតមុខ ចំណែកឯរថយន្តយីឌុប ក៏ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតនិងបណ្ដាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តឯកជនដឹកយកទៅជួយសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់រថយន្តទាំង២គ្រឿងឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ៕

Share.