តារាហុងកុងល្បីឈ្មោះម្នាក់គឺលោក Bowie Wu ដែលមានវ័យ ៩០ឆ្នាំហើយ ប៉ុន្តែបើទោះបីលោកមានវ័យចាស់ក៏ពិតមែន តែរាងកាយរបស់លោកមិនជរាតាមវ័យនោះទេ លោកនៅតែមានសុខភាពល្អមាំ។ នៅពេលថ្មីៗនេះ លោកបានបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍មួយរបស់ហុងកុង ដោយលោកអះអាងថា សព្វថ្ងៃនេះលោកមានសុខភាពល្អក៏ដោយសារការទម្លាប់ដើរហាត់ប្រាណតាំងពីវ័យ ២១ឆ្នាំមកម្ល៉េះ។
តារាសម្ដែងប្រុសរូបនេះបានលើកឡើងថា លោកចាប់ផ្ដើមមានទម្លាប់នេះ បន្ទាប់ពីលោកបានឃើញបុរសម្នាក់ជាអ្នកជំងឺពិកាមិនអាចដើរបាន នឹងព្យាយាមដើរជាមួយគិលានុបដ្ឋាយិកា។ រហូតអស់រយៈពេលជាច្រើនខែក្រោយមក លោកស្រាប់តែឃើញបុរសវ័យកណ្ដាលនោះដើរបានយ៉ាងធម្មតា ដូចមនុស្សគ្មានជំងឺនៅក្នុងខ្លួន។ នៅពេលឃើញដូច្នោះ លោកក៏ចូលទៅជិតបុរសនោះ រួចសួរនាំពីអាថ៌កំបាំងដែលអាចជួយឱ្យគាត់មានសុខភាពល្អឡើងវិញ។ បុរសនោះឆ្លើយថា លោកទម្លាប់ដើរហាត់ប្រាណ ដោយជ្រើសរើសទម្លាប់នេះជារបៀបប្រើជីវិតរស់នៅប្រចាំថ្ងៃ។
បុរសវ័យកណ្ដាលនោះថា ៖ «ខ្ញុំដើរជារៀងរាល់ថ្ងៃធ្វើលំហាត់រាង្គកាយ ខ្ញុំដើរយ៉ាងហោចណាស់មួយម៉ោង ហើយ២ដងក្នុងមួយថ្ងៃ។ ពេលខ្លះខ្ញុំច្រៀងនៅពេលខ្ញុំដើរ និងមានពត់ពែនដៃជើងជាការធ្វើចលនាឱ្យរាងកាយរបស់ខ្ញុំជុំរុញចរន្តឈាមបានល្អក្នុងរាងកាយ» ។

លោក Bowie Wu ឃើញទម្លាប់ល្អបែបនេះហើយ ក៏ចាប់ផ្ដើមវឹកហាត់ខ្លួនឯង និងប្រាប់អ្នកដទៃទៀតពីទម្លាប់មួយនេះ។ លោកក៏បានព្យាយាមរក្សារបបអាហារទៀតទាត់បែបសាមញ្ញ ដោយមិនបន្ថែមអាហារខុសពេល ឬអាហារដែលមានជាតិខ្លាញ់។ លោក Wu បញ្ជាក់ថា ៖ «ខ្ញុំភាគច្រើនញ៉ាំអាហាររសជាតិស្រាលៗនៅផ្ទះ ជាធម្មតានៅក្នុងចានមានផ្លែឪឡឹក បន្លែ សាច់មាន់ចំហុយ ឬសាច់គ្មានខ្លាញ់ ត្រូវមានប្រេងតិចនិងអំបិលតិច។ រាល់ព្រឹកពេលក្រោកឡើងខ្ញុំត្រូវផឹកទឹកក្តៅមួយពែង។ ទឹកសម្អាតក្រពះខ្ញុំ ហើយខ្ញុំក៏ហុតទឹកផឹកស៊ុបបន្ថែមទៀតជាអាហារពេលព្រឹករបស់ខ្ញុំ»។
ពិតមែនហើយ លោក Bowie Wu បានចាប់ផ្តើមអាជីពសម្តែងរបស់គាត់ក្នុងអំឡុងឆ្នាំ 1950 ហើយបង្ហាញខ្លួនសម្ដែងនៅក្នុងខ្សែភាពយន្តហុងកុងជាច្រើនរឿង ភាគច្រើនសម្ដែងជាតួមេប៉ូលីស និងមានខ្លះទៀតសម្ដែងជា ព្រឹទ្ធាចារ្យ វិជ្ជបណ្ឌិត និងមេចុងភៅជាដើម៕
សូមទស្សនាវីដេអូ ៖
ប្រភព៖ straitstimes

