
សា្ថនទូតជប៉ុននៅភ្នំពេញ និងការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងបើកទទួលសាធារណជនចូលរួមសរសេរសាររំលែកទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម អាបេ ស៊ីនហ្សូ។ នេះបើតាមការប្រកាសឱ្យដឹងពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។
ទីតាំងនៅសា្ថនទូតជប៉ុន នៅភ្នំពេញ និងបើកទទួលសាធារណជនចាប់ពីថ្ងៃពុធ ទី១៣ ខែកក្កដា រហូតដល់ថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ចាប់ពីម៉ោង១០ព្រឹកដល់ថ្ងៃត្រង់ និងចាប់ពីម៉ោង២រសៀល ដល់ម៉ោង៤ល្ងាច។ នៅបរិវេណស្ថានទូតនេះដដែរ គឺបន្ទប់ក្បែរផ្នែកធ្វើទិដ្ឋាការ។
ស្ថានទូតណែនាំឱ្យបញ្ជាក់ជាមួយសន្តិសុខស្ថានទូតថាខ្លួនមកក្នុងគោលបំណងសរសរសាររំលែកទុក្ខ និងត្រូវយកមកជាមួយនូវអត្តសញ្ញាណបណ្ណ ឬបណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម ព្រមទាំងពាក់ម៉ាសជានិច្ចនៅក្នុងបរិវេណស្ថានទូត។
ដោយឡែកនៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប នឹងទទួលសាធារណៈជនចាប់ពីថ្ងៃចន្ទ ទី១១ ខែកក្កដា រហូតដល់ថ្ងៃអង្គារ ទី១២ ខែកក្កដា ចាប់ពីម៉ោង១០ព្រឹក ដល់ថ្ងៃត្រង់ និងចាប់ពីម៉ោង២រសៀល ដល់ម៉ោង៤ល្ងាច ខណៈទីតាំងចូលរួមសរសេររំលែកមរណទុក្ខលោក អាបេ គឺសាលពហុប្រយោជន៍ នៃការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប។
ដូចគ្នានឹងនៅស្ថានទូតដែរ នៅពេលមកដល់ទីតាំងសាធារណជន ត្រូវបញ្ជាក់ជាមួយសន្តិសុខការិយាល័យកុងស៊ុលជប៉ុនថា មកក្នុងគោលបំណងដើម្បីសរសរសាររំលែកទុក្ខ និងសូមយកមកជាមួយនូវអត្តសញ្ញាណប័ណ្ណ ឬប័ណ្ណសម្គាល់ខ្លួនណាមួយ ដូចជាលិខិតឆ្លងដែនជាដើម ព្រមទាំងពាក់ម៉ាសជានិច្ចនៅក្នុងបរិវេណការិយាល័យកុងស៊ុលជប៉ុន៕
