តារាសម្ដែងល្បីលោក Christian Bale បាននិយាយប្រាប់សារព័ត៌មាន The Washington Post ពីអតីតកាល ក្នុងគ្រាដែលលោកបានត្រៀមលក្ខណៈសម្ដែងជាតួអង្គ Batman (មនុស្សប្រជៀវ) ក្នុងភាពយន្ត Batman Begins របស់អ្នកដឹកនាំ Christopher Nolan ដោយកាលពីសម័យនោះ Batman សម្រាប់ភាពយន្តត្រូវបានគេយកទៅផលិតជារឿងបែបកំប្លែងទៅហើយដូចជា Batman & Robin កាលពីឆ្នាំ១៩៩៧ ដូច្នេះគ្មានអ្នកណាចង់ផលិតរឿងមនុស្សប្រជៀវទៀតនោះទេ ព្រោះតារាសម្ដែងក៏ផ្លាស់ប្ដូរច្រើននាក់ដែរ។
ប៉ុន្តែអ្នកដឹកនាំ Christopher Nolan គិតចង់ផលិតរឿងមនុស្សប្រចៀវដែលខុសប្លែកពីគេ ដោយសាច់រឿងមានភាពកាន់តែច្បាស់លាស់ និងមានចំណោទបញ្ហាខុសពីភាពយន្តមនុស្សប្រជៀវកន្លងៗមក។ Christian Bale បានទៅសាកកាមេរ៉ាតួអង្គមនុស្សប្រចៀវ ហើយត្រូវបានជ្រើសរើសឱ្យសម្ដែង។ នៅពេលដែលលោកយករឿងនេះទៅប្រាប់អ្នកដទៃ គ្រប់គ្នាតែងតែសើចចំអកឱ្យលោក។
«ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំកំពុងតែត្រៀមខ្លួនសម្ដែងភាពយន្ត Batman ប៉ុន្តែរឿងនេះមិនដូចជារឿងមុនៗឡើយព្រោះម្ដងនេះគឺមានសាច់រឿងច្បាស់លាស់ជាងមុន… មនុស្សជាច្រើនសើចចំអកដាក់មុខខ្ញុំហើយនិយាយថា គ្មានផ្លូវអាចសម្រេចនោះទេ» ប៉ុន្តែមនុស្សទាំងអស់នោះគិតខុសព្រោះរឿងដែលខ្ញុំសម្ដែងទទួលបានជោគជ័យ ហើយខ្ញុំក៏មិនប្រាកដចិត្តដែរថារឿងនេះបានជួយត្រួសត្រាយឱ្យខ្ញុំបានចូល Marvel Cinematic Universe ឬអត់នោះ តែខ្ញុំជឿថាវាជួយបានពិតមែន»។
Christian Bale ជឿជាក់ថារឿង Batman បានជួយឱ្យរឿងរ៉ាវល្អៗជាច្រើនកើតមានក្នុងជីវិតរបស់លោកមិនថា កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិលុយកាក់ និងតួអង្គសំខាន់ៗផ្សេងទៀតដែលលោកបានសម្ដែង។ ពេលមានអ្នកដទៃសួរថាតើលោកនៅទទួលសម្ដែងភាពយន្តបែប Super Hero បន្តទៅទៀតឬក៏យ៉ាងណា? លោកឆ្លើយតបយ៉ាងខ្លីថា៖«ខ្ញុំគ្មានថ្ងៃនិយាយថាលានោះទេ លុះត្រាតែមានអ្នកមកប្រាប់ខ្ញុំថាលាហើយនិងអរគុណ ហើយសូមកុំត្រលប់មកសម្ដែងរឿងនេះទៀត នោះទើបខ្ញុំយកពាក្យរបស់គេទៅពិចារណា»។
Christian Bale សម្ដែងជាតួអង្គ Bruce Wayne ក្នុងភាពយន្ត batman begins កាលពីឆ្នាំ២០០៥ រួចហើយមានភាគបន្តទៀតចំនួន២គឺ The Dark Knight 2008 និង The Dark Knight Rises 2012 សរុបចំណូលដែលរកបានមានចំនួន២៤៦៣លានដុល្លារជុំវិញពិភពលោក ថែមទាំងទទួលបានពាក្យសរសើរយ៉ាងច្រើន រហូតត្រូវបានគេចាត់ទុកថាជាភាពយន្តកសាងមាត្រដ្ឋានឱ្យភាពយន្ត Super Hero ក្រោយៗទៀតមានទឹកមាត់លេបនិងអាចដើរតាមស្នាមជើងចាស់បាន។
ថ្វីត្បិតតែមិនមានអ្នកណាដឹងទេថា មនុស្សដែលសើចចំអកឱ្យ Christian Bale ជានរណា ប៉ុន្តែយើងអាចស្រមៃឃើញមុខរបស់ Bale ពេលដែលលោកទៅជួបនឹងមនុស្សដែលធ្លាប់សើចចំអកបាន៕
សូមទស្សនាវីដេអូនេះ ៖