ប្រិយមិត្តអ្នកទស្សនាប្រាកដជានៅចាំបានថាតារាសម្ដែងមុខក្មេង Jimmy Lin ឬ លីន ចឺអ៊ីង បច្ចុប្បន្នមានវ័យ៤៧ឆ្នាំ និងកូនប្រុសវ័យ៦ឆ្នាំម្នាក់ បានជួបប្រទះឧប្បត្តិហេតុរថយន្ត Tesla បុកទ្រូងផ្លូវរហូតផ្ទុះឆេះរថយន្តអស់ពាក់កណ្ដាល តែសំណាងល្អមានអ្នកឃើញហេតុការណ៍បានជួយសង្គ្រោះយកចេញពីក្នុងរថយន្តទាន់ពេល និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
យ៉ាងណាមិញថ្មីៗនេះសារព័ត៌មានកោះតៃវ៉ាន់បានចុះផ្សាយថា អាការរបស់តារារូបនេះមានលក្ខណៈមិនទាន់ល្អប្រសើរនោះទេ ឬអាចនិយាយដោយសាមញ្ញថាក្រជា បើទោះបីជាឆ្លងកាត់ការវះកាត់ដាក់ដែកច្រើនដង ដើម្បីដាក់ដែកនៅដើមដៃ ព្រមទាំងវះកាត់កាត់ចេញឆ្អឹងមុខដែលប៉ះទង្គិចខ្លាំងក្នុងពេលគ្រោះថ្នាក់ក្ដី។
បើតាមព័ត៌មាន The Star បានលើកឡើងថា មកដល់ពេលនេះកាន់តែអាក្រក់ ព្រោះតារាសម្ដែងរូបនេះនៅតែមិនទាន់អាចនិយាយកើត ហើយត្រូវបាញ់អាហារតាមសេរ៉ូម ទាល់តែអាការបានប្រសើរហើយអាចទទួលទានអាហារទឹកៗតាមមាត់បាន ជាពិសេសគឺរង់ចាំឱ្យស្នាមរបួសវះកាត់បានជាសះជាមុនសិន។
ភរិយារបស់តារាសម្ដែងរូបនេះអ្នកស្រី Kelly Chen បានបង្ហោះរូបភាពដៃរបស់អ្នកជំងឺចាប់ជាមួយនឹងដៃអ្នកយាមជំងឺព្រមជាមួយនឹងសារផ្ដល់កម្លាំងចិត្តថា «មេឃក្រោយភ្លៀងរមែងភ្លឺច្បាស់ បន្ទាប់ពីយើងបានឆ្លងកាត់ព្យុះភ្លៀងដោយភាពក្លាហាន»។
ប៉ុន្តែយើងតាមសារព័ត៌មាន Appledaily បានលើកឡើងថា អ្នកចាត់ការរបស់ Jimmy មិនបានឆ្លើយតបចំពោះពាក្យចចាមអារ៉ាមដែលនិយាយពីអាការដែលនៅតែធ្ងន់ធ្ងររបស់តារារូបនេះឡើយ ប៉ុន្តែនៅថ្ងៃទី២៤ ខែសីហាកន្លងទៅបានចេញសេចក្ដីប្រកាសថា «អ្នកជំងឺនៅពេលនេះបានធូរស្បើយហើយ ចំពោះពាក្យចចាមអារ៉ាមដែលផ្ទុះប៉ុន្មានថ្ងៃនេះ គឺជាដំណឹងក្លែងក្លាយនិងការផ្សព្វផ្សាយបំប៉ោងរឿង។ ប្រសិនជាដំណឹងថ្មីៗនឹងជំរាបជូនអ្នកគ្រប់គ្នាទៀត សូមអរគុណចំពោះការចាប់អារម្មណ៍»
លើសពីនេះទៀត ប្រធានមន្ទីរពេទ្យបានចេញមកបញ្ជាក់ថាការព្យាបាល Jimmy Lin ទទួលបានជោគជ័យ ពេលនេះតារាសម្ដែងល្បីបានចេញទៅសម្រាកព្យាបាលបន្តនៅផ្ទះ ចំណែករឿងដែល Jimmy ត្រូវទទួលទានអាហារតាមរយៈការបាញ់តាមសេរ៉ូមនោះគឺមិនមាននោះទេ៕