កំពង់ស្ពឺ ៖ ជនសង្ស័យចំនួន៦នាក់ ជាមុខសញ្ញាប្លន់ និងលួចម៉ូតូ ដែលធ្វើសកម្មភាពនៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រស្រុកគងពិសី ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រុកគងពិសី សហការជាមួយកម្លាំងស្រុកបាទី ខេត្តតាកែវ ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ក្នុងរយៈពេល២ថ្ងៃ ទី២១-២២ ខែតុលា ឆ្នាំ២០២២ ។

ជនសង្ស័យទាំង៦នាក់ចាប់ខ្លួនបាន ៖ ទី១ ឈ្មោះ នាក់ វ៉ាន់សាល ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ទី២ ឈ្មោះ សាន់ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិដំរីស្លាប់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ទី៣ ឈ្មោះ ជឹង សារិន ហៅ ឃិន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិចំការដូង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ទី៤ ឈ្មោះ នួន ផាន់ណាក់ ហៅ ង៉ែត អាយុ១៨ឆ្នាំ នៅភូមិតាភោគ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ទី៥ ឈ្មោះ ជិន សំណាង ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិចេកស្រទន់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ទី៦ ឈ្មោះ សោ ចិន្តា ភេទស្រី អាយុ៤២ឆ្នាំ នៅភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី(ទទួលផលចោរកម្ម ) និងមានដីកាបង្គាប់ឲ្យចាប់ខ្លួន ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

យោងតាមចម្លើយសារភាព ជនសង្ស័យប្លន់ម៉ូតូបាមសម្រេច២លើក និងលួចម៉ូតូបានសម្រេច២លើក លើផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៤៤-៤៥ ភូមិត្រពាំងមាន ឃុំស្នំក្រពើ និងលើផ្លូវបេតុងភូមិបឹងចង្រៀក ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបាន ម៉ូតូហុងដាឌ្រីម០២គ្រឿង ទូរស័ព្ទដៃ០៤គ្រឿង និងម្សៅក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀន ០២កញ្ចប់តូច ថ្នាំគ្រាប់ខៀវ ០១គ្រាប់ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននាំទៅសាកសួរនៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕​

Share.