ក្រសួងអប់រំ យុវជន និង កីឡា បានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ និង ស្ថាប័នពាក់ព័ន្ធ នឹងមានរៀបចំពិធីបើកការប្រកួតកីឡាជាតិលើកទី ៣ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ និងពិធីបិទនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គបហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

ដើម្បីអបអរសាទរក្នុងព្រឹត្តិការណ៍ខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងមានការចាត់តាំងអុជកាំជ្រួចនាថ្ងៃទី២១ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៩:០០នាទី នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមាន ៣៨ ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិក ចំនួន ៧ ដែលមានវិញ្ញាសា ចំនួន ៤០៥ ប្រកួតលើទីតាំង ចំនួន ៥រាជធានី ខេត្ត រួមមាន ៖ ភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។

ចំពោះពិធីបើក និងបិទ ប្រព្រឹត្តុទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានប្រតិភូកីឡា ចូលរួម ៤,៥៥៩នាក់ ព្រមទាំងថ្នាក់ដឹកនាំ និងមហាជនទូទៅ ទាំងពិធីបិទ និងពិធីបើក ប្រមាណ ៤៣,០០០នាក់៕

Share.