ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅសង្កាត់ភ្នៀត ក្រុងសិរិសោភ័ណ កំពុងត្អូញត្អែរពីបញ្ហការចិញ្ចឹមកង្កែប បានលូតលាស់ ប៉ុន្តែលក់មិនចេញ។ពួកគេ បានអំពាវនាវឲ្យមន្ត្រីជំនាញពាក់ព័ន្ធជួយរកទីផ្សារខណៈដែលកង្កែបត្រូវស៊ីចំណីនិងត្រូវចំណាយប្រាក់ជាប្រចាំថ្ងៃ។

ពលរដ្ឋអ្នកចិញ្ចឹមកង្កែបរៀបរាប់ថា កាលឆ្នាំមុនកង្កែបអាចលក់បានតម្លៃក្នុងមួយគីឡូក្រាម8,000ទៅ9,000រៀល ហើយមានទីផ្សារល្អ ដោយខាងជំនាញបានចុះមកស្រង់ទិន្នន័យអ្នកចិញ្ចឹមចងក្រងជាក្រុម ដើម្បីជួយរកទីផ្សារ។ ប៉ុន្តែសម្រាប់ឆ្នាំនេះតាំងពីភ្ញាស់កូន រហូតដល់ពេលកង្កែបដល់អាយុលក់ មិនឃើញមានមន្ត្រីនៃមន្ទីរជំនាញចុះមកពិនិត្យនិងសួរនាំឡើយ។

ពលរដ្ឋរៀបរាប់ថា ពេលនេះកំពុងជួបការលំបាកខ្លាំង ដោយសារដើមទុនដែលគាត់ចិញ្ចឹមកង្កែបនេះ គឺបានទៅខ្ចីចងការប្រាក់ ពីធនាគារ និងអ្នកចងការប្រាក់ឯកជន។ ម្យ៉ាងវិញទៀត កង្កែបកាន់តែធំដល់អាយុត្រូវចាប់លក់ តែលក់មិនចេញ ត្រូវចំណាយថ្លៃអាហារច្រើនជាប្រចាំថ្ងៃផងដែរ។

ចំណែកលោក ហួតសាវឺ ចៅសង្កាត់ភ្នៀតបញ្ជាក់ថា៖ ពលរដ្ឋដែលចិញ្ចឹមកង្កែបក្នុងសង្កាត់ភ្នៀត មាន 48គ្រួសារ សរុបកង្កែបប្រមាណ7តោន ដែលបញ្ហាទីផ្សារជាប់គាំងលក់ មិនចេញនេះ  កន្លងទៅអាជ្ញាធរខិតខំជួយរកទីផ្សារជូនបងប្អូនកសិករដែរ នៅតែមិនមានឈ្មួញមកទិញដែលធ្វើឲ្យកសិករមានការព្រួយបារម្ភជាខ្លាំង។ ក្នុងនាមអាជ្ញាធរសង្កាត់ សូមអំពាវនាវដល់មន្ទីរជំនាញពាក់ព័ន្ធជួយរកទីផ្សារជូនកសិករនៅក្នុងសង្កាត់ភ្នៀត ដែលកំពុងជួបការលំបាកនេះផង។

ជុំវិញបញ្ហានេះលោក ដុំ វណ្ណឌី  អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ទទួលបន្ទុកការិយាល័យអភិវឌ្ឍន៍ពាណិជ្ជកម្មបានប្រាប់ថា៖ ពាក់ព័ន្ធបញ្ហាទីផ្សារកង្កែបដែលកសិករនៅក្នុងសង្កាត់ភ្នៀតនេះ  មន្ទីរនឹងខិតខំជួយរកទីផ្សារជូនពួកគាត់។ មន្ទីរពាណិជ្ជកម្មខេត្ត លើកទឹកចិត្តឲ្យពួកគាត់អាចមកលក់ដូរនៅផ្សារសហគមន៍របស់ខេត្ត បានដោយមិនគិតតម្លៃស្តង់នោះទេ តែត្រូវទាក់ទង់មកមន្ទីរជាមុន ក្រុមការងារនិងធ្វើសម្រួលកន្លែងលក់ដូរជូនបងប្អូន៕

អត្ថបទ៖ប៉ោយប៉ែត

Share.