រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin និង សមភាគីចិនរបស់លោក គឺ លោក Wei Fenghe បានជួបប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលរៀបចំឡើងនៅថ្ងៃ អង្គារ នេះ នៅខេត្ត សៀមរាប នៃប្រទេស កម្ពុជា ខណៈដែលមហាអំណាចគូប្រជែងស្វែងរកការគ្រប់គ្រងភាពតានតឹង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei Asia នាថ្ងៃ អង្គារ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២២។

មន្ទីរបញ្ចកោណបានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិនៃប្រទេសទាំង២ បានប្រកាសឲ្យដឹងពីខ្លឹមសារនៃកិច្ចពិភាក្សាអំពី «ទំនាក់ទំនងការពារជាតិ និង បញ្ហាសន្ដិសុខក្នុងតំបន់ និង ពិភពលោក» ដោយលោក Austin បានសង្កត់ធ្ងន់ថា «ភាពចាំបាច់ក្នុងការគ្រប់គ្រងការប្រកួតប្រជែងដោយការទទួលខុសត្រូវ និង ការរក្សាឲ្យបាននូវច្រកសម្រាប់ធ្វើការទាក់ទងគ្នាដោយបើកចំហរ»។

អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណបាននិយាយថា លោក Austin ក៏បានបង្កើនការព្រួយបារម្ភអំពីអាកប្បកិរិយាដ៏គ្រោះថ្នាក់ ដែលបង្ហាញដោយកងទ័ពរំដោះប្រជាជនចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលអាចបង្កើនហានិភ័យនៃការកើតមាននូវឧបទ្ទវហេតុ។

ប្រមុខការពារជាតិទាំង២រូប កំពុងបំពេញទសន្សកិច្ចនៅខេត្ត សៀមរាប ដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កំពុងបើកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិប្រចាំឆ្នាំរបស់ខ្លួន ដោយនេះគឺជាលើកទី២ហើយ ដែលប្រមុខការពារជាតិនៃប្រទេសទាំង២ ជួបគ្នានាឆ្នាំនេះ។ កាលពីខែ មិថុនា មេដឹកនាំនៃប្រទេសទាំង២ បានជួបគ្នានៅប្រទេស សិង្ហបុរី មុនពេលដែលប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ កាលពីខែ សីហា ដោយបានជំរុញឲ្យប្រទេសចិនខឹងសម្បារ និង បង្កើនការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះប្រជាធិបតេយ្យដែលគ្រប់គ្រប់ដោយខ្លួនឯង។

ក្រៅពីនេះរដ្ឋមន្រ្តីការពារជាតិអាមេរិកក៏បានជជែកអំពីសារៈសំខាន់នៃការជួបសន្ទនាគ្នា ដើម្បីកាត់បន្ថយហានិភ័យយុទ្ធសាស្រ្ត, ការបង្កើនការធ្វើទំនាក់ទំនងពេលមានវិបត្តិ និង ការពង្រឹងសុវត្ថិភាពប្រតិបត្តិការ។

ទន្ទឹមគ្នាប្រមុខការពារជាតិអាមេរិករូបនេះ ក៏បានបញ្ជាក់ជាថ្មីផងដែរថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការហោះហើរ ធ្វើនាវាចរណ៍ និងធ្វើប្រតិបត្តិការ នៅគ្រប់ទីកន្លែងដែលដែនទឹកអន្តរជាតិអនុញ្ញាត។

មិនតែប៉ុណ្ណោះ លោក Austin បានពិភាក្សាអំពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ហើយគូសបញ្ជាក់នូវគោលជំហរ ដែលសហរដ្ឋអាមេរិក និង ចិន ប្រឆាំងចំពោះការប្រើប្រាស់ ឬ ការសម្លុតគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ព្រមទាំងបង្ហាញពីក្តីបារម្ភ អំពីការបង្កហេតុថ្មីៗនេះ ដោយកូរ៉េខាងជើង និង អំពាវនាវ ឲ្យទីក្រុងប៉េកាំង អនុវត្តឲ្យបានពេញលេញនូវសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពាក់ព័ន្ធកម្មវិធីអាវុធខុសច្បាប់របស់ទីក្រុងព្យុងយ៉ាងផងដែរ។

ជាមួយគ្នា ប្រមុខការពារជាតិអាមេរិកបានបញ្ជាក់ឡើងវិញថា សហរដ្ឋអាមេរិកនៅតែបន្តប្តេជ្ញា ចំពោះនយោបាយចិនតែមួយដ៏យូរអ្វែងរបស់ខ្លួន ដែលដឹកនាំដោយច្បាប់ទំនាក់ទំនងតៃវ៉ាន់, សេចក្តីថ្លែងការណ៍រួមអាមេរិក-ចិនទាំង៣ និងការធានា៦ចំណុច។ លោក Austin ក៏បានលើកឡើងផងដែរ នូវសារៈសំខាន់នៃសុខសន្តិភាព និង ស្ថិរភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែលោកបានសង្កត់ធ្ងន់អំពីការប្រឆាំងរបស់លោក ចំពោះការផ្លាស់ប្តូរនានាក្នុងលក្ខណៈឯកតោភាគី ចំពោះស្ថានភាពដើមនៅតំបន់នោះ ហើយអំពាវនាវឲ្យចិនឈប់ប្រព្រឹត្តទង្វើ ដែលអាចបង្កអស្ថិរភាពចំពោះតៃវ៉ាន់តទៅទៀត។

សូមជម្រាបថា កិច្ចប្រជុំប្រហែល ៩០នាទី នាថ្ងៃ អង្គារ បានកើតឡើងប្រហែល ១សប្ដាហ៍ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានជួបជាមួយមេដឹកនាំចិន លោក Xi Jinping នៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅខាងក្រៅកិច្ចប្រជុំក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿន G20 ដែលជាកិច្ចពិភាក្សាដោយផ្ទាល់ជាលើកដំបូងរវាងមេដឹកនាំនៃប្រទេសមហាអំណាចទាំង២ ចាប់តាំងពីលោក Biden ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក៕

ប្រភព៖ Nikkei Asia

Share.