ភ្នំពេញ ៖ ជនសង្ស័យម្នាក់មានមុខរបររត់ម៉ូតូកង់បីក្តីក្រោយពីចាក់ភ្នាល់បាល់ចាញ់អស់លុយ ក៏បែកគំនិតបន្លំចូលលួចទូរស័ព្ទដៃ I phone 11 pro បានសម្រេច ព្យាយាមបើកម៉ូតូកង់បីរត់គេច ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល តាមចាប់ខ្លួនបាន កាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ក្បែរវត្តអង្គបឹងចក ភូមិអង្គបឹងចក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យបើកម៉ូតូទៅរកទិញអុីវ៉ាន់ នៅផ្ទះអ្នកលក់ដូរមួយកន្លែងក្នុងភូមិព្រែកតាប៉ុក សង្កាត់ឪឡោក ខណ្ឌកំបូល ឆ្លៀតឱកាសស្ត្រីជាអ្នកលក់ដូរ រវល់ ភ្លេចខ្លួន ជនសង្ស័យបម្រុងលួចកាបូបលុយ និងទូរស័ព្ទ តែប្រញាប់ពេក លួចបានតែទូរស័ព្ទ ម៉ាក11 pro មួយគ្រឿង បានសម្រេចហើយ បើកម៉ូតូកង់បីចាកចេញ គេចខ្លួន ជនសង្ស័យដឹងថាបាត់ទូរស័ព្ទហើយ គ្មានអ្នកណាក្រៅពី បុរសបើកកង់បី រាយការណ៍ប្តឹងសមត្ថកិច្ច ទើបកម្លាំងនគរបាល ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក ហង្ស មុនី ចេញ ដេញតាម ស្ទាក់ ចាប់ខ្លួនបានត្រង់ចំណុចក្បែរវត្តអង្គបឹងចក រកឃើញទូរស័ព្ទរបស់ជនរងគ្រោះវិញ រួចនាំខ្លួន ទាំងមធ្យោបាយ ម៉ូតូកង់បី ទៅសាកសួរនៅប៉ុស្តិ៍ឪឡោកភ្លាមៗ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌ ។

តាមចម្លើយសារភាព ជនសង្ស័យដាច់អស់លុយដោយសារញៀនល្បែងភ្នាល់បាល់ ឃើញឱកាស ទូរស័ព្ទជនរងគ្រោះទុកចោល ក៏លួចយកតែម្តង ៕

អត្ថបទ៖តាតុង សែនជ័យ

Share.