កំពង់ធំ ៖ ក្មេងប្រុសចំនួន៤នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ ផ្ទុះឧបករណ៍កែច្នៃ កាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវខាងមុខសាលាបឋមសិក្សាភូមិពោធិ៍ ក្នុងភូមិពោធិ៍ ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ ។

តាមអាជ្ញាធរមីន បានឱ្យដឹងថា ក្មេងប្រុសរងរបួសចំនួន៤នាក់ ៖ ទី១ ឈ្មោះ ប៉ក់ ពិទូ ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិក្តីចារ ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសធ្ងន់ ។ ទី២ ឈ្មោះ អៀក ម៉េង ហុង ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសស្រាល ។ ទី៣ ឈ្មោះ សៀន សុឡាត់ ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិក្តីចារ ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសស្រាល ។ ទី៤ ឈ្មោះ វីន ជីវ៉ាត់ ភេទប្រុស អាយុ១០ឆ្នាំ រងរបួសស្រាល ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា ខណៈដែលក្រុមក្មេងរងគ្រោះ កំពុងជិះកង់លេង ប្រទះឃើញរបស់ម្យ៉ាង មិនស្គាល់ជារបស់អ្វី ក៏រើសលេង ស្រាប់តែផ្ទុះតែម្តង បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាល៣នាក់ ផ្អើលអ្នកស្រុក អាជ្ញាធរ សមត្ថកិច្ច ចុះទៅអន្តរាគមន៍ ចាត់បញ្ជូនក្មេងរងគ្រោះទៅមន្ទីរពេទ្យ ។

ក្រោយកើតមានរឿងបែបនេះ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង អស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ របស់អ្វីដែលមិនស្គាល់ច្បាស់លាស់ សូមកុំប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលឱ្យផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល ៕

អត្ថបទ÷ តាតុងសែនជ័យ

Share.