កណ្តាល៖  សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៣នាក់ បន្ទាប់ពីបានប្រើហិង្សាដោយយកដាវ​ ដំបង កាំបិត​កាប់លើជនរងគ្រោះ២នាក់បណ្តាល ឲ្យរបួសកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២៣និង ០០នាទីយប់ ត្រង់ចំណុច ផ្លូវ២១ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះ ចំនួន ០២នាក់៖ ទី១ ឈ្មោះ ញ៉ក់ បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានរបួសស្នាមត្រង់ជើង។ ទី២-ឈ្មោះ ហែម សំណាង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មានរបួសស្នាមមុតជ្រៅ ត្រង់ចង្កេះនិងស្មា ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២៣និង០០នាទីយប់ មានក្មេងទំនើង០១ក្រុម បានយកដុំថ្មគប់ចូលផ្ទះជនសង្ស័យ ពេលនោះ ជនសង្ស័យទាំង០៤នាក់ បានចេញពីក្នុងផ្ទះរួចបើករថយន្តយកពូថៅ និង ដំបងទីប ជិះដើររកក្រុមក្មេងទំនើងទាំងនោះ ។

នៅពេលជិះដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះ០២នាក់ កំពុងឈរជុះនោម ហើយក៏បានចុះទៅ រួចហើយយកពូថៅ និង ដំបងទីប ដេញកាប់និងវាយជនរងគ្រោះឈ្មោះ ហែម សំណាង បណ្តាលឲ្យមានរបួសត្រង់ខ្នងជាច្រើនកន្លែង បន្ទាប់ពីកាប់ និង វាយជនរងគ្រោះរួច ក្រុមជនសង្ស័យបានលើកជនរងគ្រោះដាក់ក្នុងរថយន្តយកមកផ្ទះរបស់ខ្លួនដើម្បីសួរនាំ ។ ហើយក៏ត្រូវសមត្ថកិច្ចក្រុងតាខ្មៅចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន និងវត្ថុតាងយកមកសាកសួរ និងចាត់ការតាមនីតិវិធីតែម្តង។

ជនសង្ស័យ ចំនួន ០៤នាក់ ទី១-ឈ្មោះ អ៉ី ចាន់ថា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ  មុខរបរទិញលក់អេតចាយ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួន។ ២-ឈ្មោះ អ៉ី ដារ៉ារិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ  មុខរបរទិញលក់អេតចាយ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវជាកូនរបស់ឈ្មោះ អ៉ី ចិន្តា ឃាត់ខ្លួន។ ៣-ឈ្មោះ អ៉ី ចិន្តា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់កញ្ចក់ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួន។ ៤-ឈ្មោះ វីដ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ  មុខរបរទិញលក់អេដតចាយ ទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល គេចខ្លួន។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកមាន ៖​ ពូថៅ ដងឈើ ០១ របស់ជនសង្ស័យ។ ដែកបំពង់ទីប ០១របស់ជនសង្ស័យ។ រថយន្ត ០១គ្រឿងម៉ាក ព្រូស ពណ៌ស គ្មាសផ្លាកកលេខ គ្មានពន្ធ របស់ជនសង្ស័យ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ខេត្តកណ្តាល

Share.