ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ក្នុងស្ថានភាពស្រវឹង រវល់តែងាកមើលតាមរោងលក់ទឹកត្នោតជូរ មិនបានមើលទៅមុខ ជ្រុលបុកគម្របលូនៅចិញ្ចើមផ្លូវ ដួលម្នាក់ឯងរងរបួសធ្ងន់ បែកមុខ មាត់ឈាមហូរកក្លាក់ សន្លប់ឈឹងនៅកន្លែង កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ខាងមុខបញ្ជាការដ្ឋានកងទ័ពជើងអាកាស ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះ ដែលមានវ័យជាង២០ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IE-0812 ក្នុងស្ថានភាពស្រវឹង តាមផ្លូវបេតុងខាងក្រោយបុរីសែនមនោរម្យ ពីលិចទៅកើត សំដៅឆ្ពោះទៅផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ម្យ៉ាងជិះលឿន ម្យ៉ាងទៀតរវល់តែងាកមើលតាមរោងលក់ទឹកត្នោតជូរ ជិះមិនប្រយ័ត្ន មិនមើលទៅមុខ ស្រាប់តែរេចង្កូតជ្រុលទៅបុកគម្របលូនៅចិញ្ចើមផ្លូវ បណ្តាលឱ្យដួលម្នាក់ឯងរងរបួសធ្ងន់ បែកមុខ មាត់ ឈាមហូរកក្លាក់ សន្លប់ឈឹង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍កន្ទោក៕

អត្ថបទ៖ តាតុងសែនជ័យ

Share.