អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានព្រមានកាលពីថ្ងៃ ព្រហស្បតិ៍ ថា ទីក្រុង ម៉ូស្គូ នឹងដាក់ទណ្ឌកម្មប្រទេសដែលគាំទ្រក្រុមប្រទេសទាំង៧ (G7) ក្នុងការកំណត់តម្លៃប្រេងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃ សុក្រ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២២។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្រុមអ្នកការទូតសហភាពអឺរ៉ុប មានសុទិដ្ឋិនិយមថា ពួកគេអាចឈានដល់កិច្ចព្រមព្រៀងលើការកំណត់តម្លៃ សម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ី បើទោះបីជាមានការខ្វែងគំនិតគ្នាលើផែនការនេះក៏ដោយ។

លោកស្រី Zakharova បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃ ព្រហស្បតិ៍ថា «យើងបាននិយាយម្ដងហើយម្ដងទៀតថា ការដាក់ចេញនូវអ្វីដែលគេហៅថា ការកំណត់ថ្លៃសម្រាប់ប្រេងរុស្ស៊ី គឺជាវិធានការប្រឆាំងនឹងទីផ្សារ វារំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និង អាចធ្វើឲ្យមានភាពស្មុគស្មាញយ៉ាងខ្លាំងដល់ស្ថានភាពនៅលើទីផ្សារថាមពលពិភពលោក។ សហព័ន្ធរុស្ស៊ីមិនមានគម្រោងផ្គត់ផ្គង់ប្រេងដល់ប្រទេសណាដែលចូលរួមជាមួយក្រុមអ្នកទិញទាំងនោះទេ»។

ក្រុមប្រទេស G7 កំពុងពិចារណាកំណត់កម្រិតប្រេងពីសមុទ្ររុស្ស៊ីក្នុងចន្លោះពី ៦៥-៧០ដុល្លារ ក្នុង១បារ៉ែល។ វិធានការនេះត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅថ្ងៃទី ០៥ ខែ ធ្នូ ដែលជាផ្នែកនៃទណ្ឌកម្ម ដែលណែនាំដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និង សម្ព័ន្ធមិត្តរបស់ពួកគេ។

ប្រសិនបើត្រូវបានអនុម័តនោះ វិធានការនេះនឹងរារាំងដល់សាជីវកម្មលោកខាងលិចពីការផ្ដល់នូវការធានារ៉ាប់រងឡើងវិញ ឈ្មួញកណ្ដាល និង ជំនួយហិរញ្ញវត្ថុដល់នាវាដែលផ្ទុកប្រេងឆៅរបស់រុស្ស៊ី លុះត្រាតែវាត្រូវបានលក់ក្រោមតម្លៃដែលបានព្រមព្រៀងគ្នា។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova

លោកស្រី Zakharova បានសង្កត់ធ្ងន់ថា ប្រទេសផលិតប្រេងជាច្រើនក៏ប្រឆាំងនឹងវិធានការបែបនេះដែរ ដោយចង្អុលបង្ហាញថា «ការកំណត់តម្លៃធ្វើឲ្យខូចប្រព័ន្ធពាណិជ្ជកម្មពិភពលោក និង បង្កើតគំរូដ៏គ្រោះថ្នាក់ មិនត្រឹមតែនៅក្នុងទីផ្សារថាមពលប៉ុណ្ណោះទេ ប៉ុន្ដែក៏គ្រោះថ្នាក់សម្រាប់ពាណិជ្ជកម្មអន្តរជាតិជាទូទៅផងដែរ»។

សូមជម្រាបថា វិធានការនេះគឺ សំដៅលើការរារាំងប្រទេសរុស្ស៊ី ពីការលក់ប្រេងរបស់ខ្លួនក្នុងតម្លៃខ្ពស់ ខណៈដែលក្រុមហ៊ុនដឹងជញ្ជូន និង ធានារ៉ាប់រងយក្សដែលទាក់ទងនឹងពាណិជ្ជកម្មប្រេងឆៅមានទីតាំងនៅប្រទេសលោកខាងលិច។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើរុស្ស៊ីកាត់ផ្ដាច់ការផ្គត់ផ្គង់មែននោះ នឹងមានហានិភ័យនៃវិបត្តិថាមពលពិភពលោកធ្ងន់ធ្ងរ ហើយវាមិនច្បាស់ថា តើតម្លៃប្រេងនឹងមានឥទ្ធិពលលើប្រាក់ចំណូលរបស់ទីក្រុង ម៉ូស្គូ ដែរឬទេ៕

ប្រភព៖ RT

Share.