មនុស្សប្រុសស្រីចំនួន ៣នាក់ជាម្ដាយនិងកូនត្រូវបាននគរបាលស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ចាប់ខ្លួន កសាងសំណុំរឿងតាមនីតិវិធីបន្ទាប់ពីពួកគេផ្សំគំនិតគ្នាតាំងខ្លួនជាគ្រូទាយផងនិងជាគ្រូមន្តអាគមអូមអាមផង ឆបោកជនរងគ្រោះជាស្ត្រីចំនួនពីរនាក់អស់ទឹកប្រាក់ជាង 60 លានរៀលថ្មីៗកន្លងទៅនេះ។

ការចាប់ខ្លួនជនឆបោកទាំងបីនាក់ម្ដាយនិងកូននេះ ធ្វើឡើងនៅវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី ១៣ខែមិថុនាឆ្នាំ ២០២១ ចុងសប្តាហ៍នេះក្នុងភូមិបោះពួយ ឃុំលាចស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី 1 ឈ្មោះសោមសារ៉ុន ភេទស្រីអាយុ 72 ឆ្នាំតាំងខ្លួនជាគ្រូទាយសន្លឹកបៀ ទី 2 ឈ្មោះ វង់ បឿ ហៅបឿកភេទប្រុសអាយុ 31ឆ្នាំត្រូវជាកូនប្រសារតាំងខ្លួនជាគ្រូមើលជំងឺដោះមន្តអាគមដោះអំពើនិងទី 3ឈ្មោះវ៉េតសារុំត្រូវជាប្រពន្ធជាអ្នកទារលុយពីជនរងគ្រោះឈ្មោះឈនស្រីពេជ្ររស់នៅក្នុងភូមិក្រូចឆ្មារឃុំលាចស្រុកភ្នំក្រវាញអស់ប្រាក់ចំនួនជាង 42លានរៀននិងឈ្មោះណាមស្រី មុំរស់នៅក្នុងភូមិប៉ែន ឃុំលាចស្រុកភ្នំក្រវាញត្រូវបានក្រុមជនសង្ស័យខាងលើឆបោកនិងកំហែងយកអស់ប្រាក់ជាង២៥លានរៀល។

ក្រុមជនសង្ស័យអះអាងថាយកមកធ្វើទំនឹបគ្រូនិងជាថ្លៃធ្វើពិធីខាបហៅប្ដីដែលរត់តាមស្រីឲ្យត្រឡប់មកវិញផងនិងពិធីមន្តអាគមហៅសង្សារដែលបានបែកចិត្តឲ្យត្រឡប់មកវិញផង។

សមត្ថកិច្ចបានបញ្ជាក់ថាក្រុមជនសង្ស័យទាំងបីនាក់ម៉ែកូននេះរស់នៅខាងស្រុកបាកានបានមកស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិឃុំខាងលើធ្វើជាកម្មករយកភាស៊ីកង់ម៉ូតូនៅផ្សារក្រវាញបែកគំនិតនាំគ្នាតាំងខ្លួនជាគ្រូទាយផងនិងជាគ្រូមន្តអាគមផងប្រើល្បិចឆបោកប្រាក់ពីស្ត្រីរងគ្រោះថានឹងជួយគ្រប់បញ្ហាបានមិនតែប៉ុណ្ណោះថែមទាំងបង្ខំឲ្យជនរងគ្រោះវេរលុយឲ្យពួកខ្លួនតាមដំណាក់កាលឱ្យគ្រប់ចំនួនបើមិនអ៊ីចឹងទេពួកគេនឹងធ្វើអំពើឲ្យស្លាប់ទាំងអស់។

បន្ទាប់មកស្ត្រីរងគ្រោះទាំង 2 នាក់បានមកប្ដឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យទាំងបីនាក់នេះបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញដើម្បីរៀបចំនីតិវិធី   តាមច្បាប់៕

អត្ថបទ៖ភ្នាក់ងារពោធិ៍សាត់

Share.