ភ្នំពេញ ៖ បុរសម្នាក់ហេតុតែជឿជាក់ទុកចិត្តគេ ពឹងពាក់ឲ្យទិញរថយន្ត បានហើយយកទៅជិះទើបបាន១ខែ ដល់ទៅរកទិញពន្ធផ្លូវ ទើបឆែកដឹងថាជារថយន្តកាប់ដាវ ស្លឹកពន្ធ ឯកសារក្លែងក្លាយ ភ័យស្លន់ស្លោ កើតក្តីព្រួយបារម្ភ រត់ទៅរកនាំអ្នកគួកជេ អ្នកធានា ដើម្បីដោះស្រាយគ្នា អស់រយៈពេល៣ខែ គេចវេសរហូត។ ទើបតែនៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទះឃើញបុរសជាអ្នកគួកជេ តាមផ្លូវជាតិលេខ៤ ខាងលិចស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ប្តឹងសមត្ថកិច្ចដេញតាម រហូតដល់ផ្លូវរថភ្លើង ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ទើបឃាត់បាន ឈប់រថយន្ត ចុះឈ្លោះប្រកែកគ្នាឆ្កាដៃជើងបែកផ្សែង ផ្អើល ដងផ្លូវ សមត្ថកិច្ចអន្តរាគមន៍សម្របសម្រួល នាំទៅនិយាយគ្នានៅប៉ុស្តិ៍នគរបាល ។

តាមប្រភពបានឲ្យដឹងថា កាលពីអំឡុងខែសីហា ឆ្នាំ២០២២ ភាគីបុរសឈ្មោះ ម៉ាប់ មានទីលំនៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខ្លួនមិនស្គាល់ មិនចេះ មើលបច្ចេកទេសរថយន្តទេ ក៏បានពឹងពាក់ឲ្យ ភាគីបុរសឈ្មោះ ម៉ៅ មានទីលំនៅ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល ជាអ្នកគួកជេ ឲ្យជួយរកទិញរថយន្តឲ្យ ហើយក៏ទិញបានរថយន្តព្រុសមួយគ្រឿង ផលិតឆ្នាំ២០០៥ ក្នុងតម្លៃ៩៧០០ដុល្លារ។ ដោយឃើញថា តម្លៃនេះជាតម្លៃដែលខ្លួនយកបាន ធានាឯកសារ ពន្ធ កាតគ្រី ត្រឹមត្រូវ សម្រេចចិត្តទិញយកទៅប្រើ នៅក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។

ក៏ប៉ុន្តែក្រោយពីទិញរថយន្តមួយគ្រឿងនោះ យកទៅជិះទើបបាន១ខែ ស្រាប់តែយករថយន្ត កាន់ឯកសារទៅរក ទិញពន្ធផ្លូវ តែមិនបាន ព្រោះឯកសាររថយន្តសុទ្ធតែខុសប្រក្រតី ក្លែងក្លាយទាំងអស់។ ពេលនោះបរុសជាម្ចាស់រថយន្តនោះ មានអារម្មណ៍ភ័យបុកពោះ អស់លុយទិញឡានហើយ ប៉ះចំឡានឯកសារក្លែងក្លាយទៀត ទើបរត់ស្វែងរកអ្នកគួកជេ ឈ្មោះ ម៉ៅ ដែលជាអ្នកធានាលើរថយន្តមួយគ្រឿងនេះ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកធានាគេចវេសរហូត ។រហូតដល់ព្រមព្រៀងគ្នាយករថយន្តទៅធ្វើឯកសារ ពន្ធថ្មី កាតគ្រីថ្មី តែមិនបានសម្រេច បន្តគេចមិនដោះស្រាយ អស់រយៈពេល៣ខែទៅហើយ ទើបតែនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទះឃើញតាមផ្លូវ ប្តឹងសមត្ថកិច្ចដេញតាមឃាត់ ដើម្បីសាកសួរ និយាយគ្នាឲ្យដាច់ស្រេច ។ភ្លាមៗនោះដែរ បុរសខាងលើព្យាយាមបើករថយន្ត វីស្តូ បើករត់គេច តាំងពីសង្កាត់ចោមចៅទី៣ រហូតដល់សង្កាត់ត្រពាំងក្រសាំងទើបឃាត់បាន។ បន្ទាប់មកភាគីទាំង២បានឈ្លោះប្រកែកគ្នា ឆ្ការដៃជើងបែកផ្សែង ផ្អើលអ្នកដំណើរតាមផ្លូវ រហូតដល់សមត្ថកិច្ចចុះទៅសម្របសម្រួល ដោយនាំភាគីសងខាងទៅនិយាយគ្នានៅប៉ុស្តិ៍ ដោយបុរសឈ្មោះ ម៉ៅ យល់ព្រម យករថយន្តព្រុស ទៅប្តូរយកលុយចំនួន៩៧០០ដុល្លារវិញ ដើម្បីបញ្ចប់រឿង ៕

អត្ថបទ៖តាតតុង សែនជ័យ

Share.