បន្ទាប់ពីទទួលលទ្ធផលពីការស៊ើបអង្កេត តំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ផ្ដើមការចោទប្រកាន់ទៅលើលោក ជួន គន្ធា និងលោក មិន ផាន្នី ហៅ ម៉ៅ ព្រមទាំងបក្ខពួក បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ លើបទល្មើសចំនួន៦ ក្នុងនោះមាន បទល្មើស ប៉ុនប៉ងឆបោក, ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍, ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារ សាធារណៈក្លែង, កាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត និងសមគំនិតក្នុងអំពើកាប់គាស់ រុករាន និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាត ដោយប្រព្រឹត្តនៅចំណុចភូមិ រោងម៉ាស៊ីន និងភូមិត្រពាំងធ្មៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីអំឡុងដើមខែមេសា រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ តាមបញ្ញត្តិ មាត្រា ២៧, មាត្រា ២៩, មាត្រា ៣៧៧, មាត្រា ៣៧៨, មាត្រា៤៩៤, មាត្រា៤៩៥, មាត្រា ៦២៩ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ និងតាមបញ្ញត្តិ មាត្រា ៥៦ ចំណុចទី៤ និងមាត្រា ៦២ ចំណុចទី១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។

សូមរំឭកថា កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ មានការផ្សព្វផ្សាយព័ត៌មាននៅលើបណ្ដាញសង្គម អំពីការចែកដីជូនប្រជាពលរដ្ឋ៦០០០ឡូត៏ លើផ្ទៃដីសរុប ទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានលោក ជួន គន្ធា ដែលអះអាងថាខ្លួនមានងារជាឯកឧត្តមផង។ ហើយការចែកដីនេះ ក្នុងមួយគ្រួសារអាចទទួល បាន១០ឡូត៏ចុះ (ទំហំដី ១០ម៉ែត្រ x ៣០ម៉ែត្រ ក្នុងមួយឡូតិ៍) និងតម្រូវឱ្យជួយថ្លៃសេវារដ្ឋបាលជាមុន ក្នុងមួយឡូតិ៍ ៤៥០ ដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ការរត់ការឯកសារ ឈូសឆាយដី និងពង្រាបដីជាដើម។

នៅពេលដែលបានទទួលដំណឹងខាងលើ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ស្នងការដ្ឋានខេត្តកំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានបើកការស៊ើបអង្កេតភ្លាម ជាលទ្ធផល ដីកើតហេតុខាងលើ ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនុចនិយាមកា (៤០១០៥២-១២៨៣៨១១) ជាដីរបស់រដ្ឋ ស្ថិតក្នុងដែនជម្រកសត្វព្រៃរបស់ ក្រសួងបរិស្ថាន។ ការអះអាងរបស់ឈ្មោះ ជួន គន្ធា ថាខ្លួនជាម្ចាស់ដីស្របច្បាប់ គឺមិនមានឯកសារបទដ្ឋានគតិយុត្តិ ឬឯកសារបញ្ជាក់កម្មសិទ្ធិពីអាជ្ញាធរណាមួយឡើយ។

ដូច្នេះអាជ្ញាធរបាននាំខ្លួនលោក ជួន គុន្ធា និងលោក មិន ផាន្នី ហៅ ម៉ៅ ទៅធ្វើការសាកសួរ ហើយរកឃើញមានបក្ខពួកជាច្រើនរូបទៀត បានរៀបចំរចនាសម្ព័ន្ធឆបោកប្រជាពលរដ្ឋ និងសកម្មភាព ក្លែងឯកសារផ្សេងៗ ដើម្បីឈានទៅទន្ទ្រានរុករានដីរដ្ឋ ក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ក្រុមខ្លួន។

បន្ទាប់ពីទទួលលទ្ធផលពីការស៊ើបអង្កេត តំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ ផ្ដើមការចោទប្រកាន់ទៅលើលោក ជួន គន្ធា និងលោក មិន ផាន្នី ហៅ ម៉ៅ ព្រមទាំងបក្ខពួក បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ នូវបទល្មើសដូចមានរៀបរាប់ខាងលើ។

ប្រភព៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ

Share.