ក្រោយ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា Cambodian Premier League និង​ពានរង្វាន់​លីគ​ទី២ Cambodian League 2 រដូវកាល​ឆ្នាំ​២០២២ នេះ​មាន​ការ​ប្រកួត​ប្រជែង​ដូចគ្នា​រហូត​ដល់​សប្ដាហ៍​ចុងក្រោយ លោក ទុំ សារ៉ាយ គ្រូ​បង្វឹក​ក្រុម​អគ្គីសនីកម្ពុជា ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​ទី២ បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​​មួយ​ចំនួន​ពី​វិស័យ​បាល់ទាត់​បច្ចុប្បន្ន។

អតីត​​សមាជិក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បច្ចុប្បន្ន​ជា​គ្រូ​ធំ​នៅ​ក្រុម​អគ្គសនីកម្ពុជា បាន​សរសេរ​ខ្លឹមសារ​លើ​ហ្វេសប៊ុក​របស់​ខ្លួនក្រោយ​សប្ដាហ៍​រន្ធត់​នៃ​ពានរង្វាន់ CPL 2022 បញ្ចប់​ចុងស​ប្ដាហ៍​ថ្មីៗ​ថា៖«ពិត​ជា​មិន​នឹក​ស្មាន​ ទាំង​លីគ​កំពូល​និង​លីគទី2​ ធ្វើ​អោយ​អ្នក​តាម​ដាន​និង​ទស្សនា​បុកពោះ​មែនទែន​ មិនមែន​ជា​ការ​រៀបចំ​ទេ​តែ​ជា​ការ​ខំប្រឹង​ប្រែង​ពី​ថ្នាក់​ដឹកនាំ​ ក្រុម​ការងារ​គ្រូៗ​ ឆន្ទៈ​របស់​កីឡាករ​ទាំង​អស់​ និង​ការ​ចូលរួម​លើក​ទឹក​ចិត្ត​ពី​អ្នក​គាំទ្រ​ក្រុម​នីមួយៗ​យ៉ាង​ច្រើន​កុះករ»។

អត្ថបទពាក់ព័ន្ធ៖ហេតុ​អ្វី​បាន​ជា​អគ្គីសនីកម្ពុជា លើក​ពានរង្វាន់​លីគ​ទី២?

សូម​បញ្ជាក់​ថា​មុន​ការ​បញ្ចប់​រដូវកាល​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ ក្នុង​ពានរង្វាន់​លីគ​ទី២ ឆ្នាំ​២០២២ មាន​ក្រុម​ចំនួន​៣​បាន​ប្រកួត​ប្រជែង​គ្នា​រហូត​ដល់​សប្ដាហ៍​ចុង​ក្រោយ​គឺ​ក្រុម​ជើង​ឯក​អគ្គីសនីកម្ពុជា ក្រុម​ អាយ.អេស.អាយ ដង្កោ​សែនជ័យ និង​ក្រុម​អគ្គស្នងការដ្ឋាននគរបាលជាតិ។

ចំណែក​ពេល​នេះ​នៅ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា វិញ​មាន​ក្រុម​ចំនួន​៣​ដែល​ត្រូវ​ប្រកួត​ប្រែង​គ្នា​ធ្វើ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវកាល​ឆ្នាំ​២០២២ នេះ​ផង​ដែរ ក្រោយ​មាន​ពិន្ទុ​ចំនួន​​៤៩​ស្មើ​គ្នា ក្នុង​នោះ​មាន​ក្រុម​ភ្នំពេញក្រោន, វិសាខា និង​ព្រះខ័នរាជស្វាយរៀង។

អត្ថបទពាក់ព័ន្ធ៖ក្រុមអគ្គីសនីកម្ពុជា ដែលប្រើប្រាស់កីឡាករខ្មែរសុទ្ធជាក្រុមទី៥ ឈ្នះជើងឯកលីគទី២កម្ពុជា

ដូច្នេះ​លទ្ធផល​ត្រូវ​រង់ចាំ​អ៊ុត​ក្នុង​ប្រកួត​សប្ដាហ៍​ទី២៧ ចុងក្រោយ​​នៅ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​ក្រុម​ភ្នំពេញក្រោន ប៉ះ បឹងកេត លើ​ទីលាន​កីឡដ្ឋាន Smart RSN និង​ក្រុម​ព្រះខ័នរាជស្វាយរៀង ប៉ះ​វិសាខា នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។

បន្ថែម​ពី​លើ​នេះ​ បុរស​ដែល​ធ្លាប់​​ប្រកប​អាជីព​​នៅ​​ក្លិប​ព្រះខ័នរាជស្វាយរៀង និង​ណាហ្គាវើល កាល​នៅ​ជា​កីឡាករ ខាង​លើ​បាន​បន្ថែម​ថា៖«បាល់ទាត់​ប្រទេស​យើង​ចាប់​ផ្តើម​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ហើយ​សូម​កីឡាករ​ទាំង​អស់​ខំ​ប្រឹងប្រែង​ឡើង​ដើម្បី​អនាគត​ខ្លួន​ឯង​ហើយ​ត្រូវ​រៀបចំ​ខ្លួន​ឯង​អោយ​ដូចជា​កីឡាករ​អាជីព​បណ្តើរៗទៅ​។ សូម​អរគុណ​ ហើយ​សូម​ទោស​បើ​មាន​និយាយ​ខុស»៕

អត្ថបទពាក់ព័ន្ធ៖Fan និយាយ​ពី​ក្រុម​​នៅ​លីគ​ទី២​ អាច​ឡើង​ទៅ​លីគ​កំពូល​រដូវកាល​ក្រោយ

Share.