ប៉ូលីសបាននិយាយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុង កេតតា (Quetta) ភាគនិរតីនៃប្រទេស ប៉ាគីស្ថាន បានកំណត់គោលដៅលើកងកម្លាំងល្បាតរបស់ប៉ូលីស ដោយជាលទ្ធផលមនុស្ស ៣នាក់បានស្លាប់ និង មនុស្ស ២៨នាក់ទៀត រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Almayadeen នាថ្ងៃ ពុធ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ការផ្ទុះដែលអះអាងដោយក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន ឬ Tehreek-e-Taliban Pakistan (TTP) បានកើតឡើងបន្ទាប់ពីក្រុមនេះបានបញ្ចប់បទឈប់បាញ់ជាមួយរដ្ឋាភិបាលប៉ាគីស្ថានក្នុងសប្ដាហ៍នេះ។

លោក Abdul Haq ជាមន្រ្តីប៉ូលីសប៉ាគីស្ថានបានប្រាប់ទីភ្នាក់ងារ Reuters យ៉ាងដូច្នេះថា «ការបំផ្ទុះគ្រាប់បែកដែលកំណត់គោលដៅលើកងកម្លាំងប៉ូលីសល្បាត បានបង្កឲ្យមនុស្សជិត ៣០នាក់រងរបួស ក្នុងនោះពាក់កណ្ដាលជាមន្រ្តីប៉ូលីស ខណៈអ្នកបាត់បង់ជីវិតមានប៉ូលីសម្នាក់ ស្រ្តីម្នាក់ និង កុមារម្នាក់»។ លោកបន្ដថា ក្រុមប៉ូលីសល្បាតបានយាមក្រុមចាក់ថ្នាំបង្ការជំងឺស្វិតដៃជើង នៅពេលមានការបំផ្ទុះគ្រាប់បែកអត្តឃាតកើតឡើង។

កាលពីថ្ងៃ ច័ន្ទ ដើមសប្ដាហ៍នេះ ក្រុមសកម្មប្រយុទ្ធតាលីបង់ទើបតែប្រកាសបញ្ចប់បទឈប់បាញ់ជាមួយរដ្ឋាភិបាលប៉ាគីស្ថាន ដែលមានតាំងពីខែ មិថុនា ដោយបានដឹកនាំយុទ្ធជនរបស់ខ្លួនធ្វើការវាយប្រហារទ្រង់ទ្រាយធំ។

សូមជម្រាបថា ក្រុមតាលីបង់ប៉ាគីស្ថាន គឺជាក្រុមសកម្មប្រយុទ្ធដាច់ដោយឡែក ពីក្រុមតាលីបង់ដែលស្ថិតនៅប្រទេសអាហ្វហ្កានីស្ថាន ប៉ុន្តែប្រកាន់មនោគមវិជ្ជាជ្រុលនិយមដូចគ្នា៕

ប្រភព៖ Almayadeen

Share.