រតនគិរី ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពីផ្ទុះកំហឹងក្នុងគ្រួសារ បែជាចាក់សាំងស្រោចដុតផ្ទះខ្លួនឯង ប្អូនថ្លៃចូលឃាត់ កាប់រងរបួសក្បាល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ជនបង្កមានឈ្មោះ ម៉ៅ សុធា ហៅអាខ្លី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានប្រពន្ធឈ្មោះ រម៉ាស់ សែន ជនជាតិចារាយ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកប្អូនថ្លៃ រងរបួសសក្បាល មានឈ្មោះ រម៉ាស់ ន្វាន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចារាយ មានទីលំនៅភូមិ ឃុំជាមួយគ្នា ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនបង្កមានទំនាស់ក្នុងក្រុមគ្រួសារ ហើយបានរុះរើ របស់របរ មិនតែប៉ុណ្ណោះ យកសាំងចាក់ស្រោច ហើយដុតផ្ទះខ្លួនឯង ឃើញសភាពមិនស្រួល ភ្លើងឆេះផ្ទះ ជនរងគ្រោះជាប្អូនថ្លៃ ក៏រត់ទៅរុញទ្វារបំណងចូលពន្លត់ភ្លើងនិង ជញ្ជូនអុីវ៉ាន់ចេញ ត្រូវបានជនបង្ក ប្រដាប់ដោយផ្គាក់កាប់លើប្អូនថ្លៃចំក្បាល ខាងឆ្វេង បណ្តាលឲ្យរងរបួស ។

បន្ទាប់ពីឃើញទង្វើរបែបនេះហើយ ក៏ត្រូវបានអ្នកស្រុក ក្រុមគ្រួសារ នាំគ្នាព្រួតវាយទៅលើជនបង្កវិញ បណ្តាលឲ្យរងរបួស នឹងផ្អើលដល់សមត្ថកិច្ចចុះទៅនាំយកខ្លួនជនបង្កទៅមណ្ឌលសុខភាពអូរយ៉ាដាវ តែរបួសធ្ងន់ពេក ទើបបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែក ស្រុកបរកែវ និងរងចាំបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក អនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

https://t.me/troryorngmedia
Share.