អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមេសា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់។

ភ្នំពេញ៖ ឯកឧត្តម ឈន សាណាត អគ្គនាយក នៃអគ្គនាយដ្ឋានពន្ធនាគារ និងនាយកដ្ឋានជំនាញ នៃអគ្គនាយកដ្ឋានពន្ធនាគារ បានចុះពិនត្យហេដ្ឋារចនាសម្ព័ន របបអាហារ ប៉ុស្តិសុខភាព អគារឃុំឃាំង/បន្ទប់ឃុំឃាំង និងស្ថានភាពមន្រ្តីក្នុងមណ្ឌលអប់រំកែប្រែទី១ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅមណ្ឌលអប់រំកែប្រែទី១។

នាឱកាសនោះដែរ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ យិន គន់ ប្រធានមណ្ឌលអប់រំកែប្រែទី១ បានឡើងធ្វើសេចក្តីរាយការណ៍សង្ខេបស្តីពីលទ្ធផលការងារសម្រេចបានក្នុងរយៈពេល៤ខែ គិតចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២៤។ លោកប្រធានមណ្ឌលបានលើកឡើងពីស្ថានភាពភូមិសាស្រ្ត ស្ថានភាពមន្រ្តី ស្ថានភាពជនជាប់ឃុំ លទ្ធផលការងារសម្រេចបាន និងកិច្ចសហការជាមួយអង្គការដៃគូ។ កន្លងមកនេះ មណ្ឌលបានធ្វើសកម្មភាពជាបន្តបន្ទាប់ជាមួយអង្គការដៃគូចំនួន ៩រួមមាន៖ អង្គការសុីប៉ា វ័នធូវ័ន កាកបាតក្រហមអន្តរជាតិ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សមនុស្សប្រចាំកម្ពុជា អង្គការបងប្រុសមេត្តាករុណា អេយូអេ សម្ព័ន្ធមេត្រីភាពពន្ធនាគារ លីកាដូ និងអង្គការគាំទ្រពលរដ្ឋខ្មែរគ្មានទីពឹង ដែលបានគាំទ្រ និងលើកស្ទួយវិស័យអប់រំកែប្រែ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្តល់សេវាសុខភាពដល់ជនជាប់ឃុំ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គនាយកបានមានប្រសាសន៍ថា “គុកនិងសោចោរជាអ្នកបង្កើត ឱសថល្អឆើតកើតចេញពីរោគ”។ មន្រ្តីពន្ធនាគារត្រូវមានការយល់ដឹងពីច្បាប់ ត្រូវគោរពច្បាប់ និងកុំមើលស្រាលច្បាប់។ ត្រូវប្រើចំណេះដឹងជាកម្លាំងទប់ទល់នឹងឧបាយកលនានារបស់ជនជាប់ឃុំ និងជៀសវាងរឿងសន្តិភាពនិយមជ្រល់ពេកជាមួយនឹងជនជាប់ឃុំ ព្រោះអាចធ្វើឱ្យខ្លួនជួបគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ ជនល្មើស គឺនៅតែជាជនល្មើស ហើយអាចបង្កគ្រោះថ្នាក់គ្រប់ពេល យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។ មន្រ្តីអាចបង្ហាញកាយវិការទន់ភ្លន់ ប៉ុន្តែមិនមែនជាមិត្តជាមួយជនជាប់ឃុំឡើយ។

ឯកឧត្តម អគ្គនាយក បានបន្តណែនាំដល់មន្ត្រីពន្ធនាគារទាំងអស់ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន អគ្គនាយដ្ឋានពន្ធនាគារមិនលើកលែងចំពោះមន្រ្តីណាក៏ដោយដែលមានការពាក់ព័ន្ធជាមួយគ្រឿងញឿន ហើយកន្លងមកអគ្គនាយកដ្ឋានបានចាត់វិធានការក្តៅដោយបណ្តេញចេញពីក្របខណ្ឌ ហើយក្នុងករណីធ្ងន់ធ្ងរជាងនេះអាចបន្តនីតិវិធីដោយប្រគល់ជូននគរបាលយុត្តិធម៌ដើម្បីចាត់ការបន្ត។

ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើរដល់មន្រ្តីទាំងអស់ ត្រូវបន្តដោះស្រាយភាពចង្អៀតណែន យកចិត្តទុកដាក់ខ្ពស់ចំពោះគោលដៅពិសេស(ជាប់គុកច្រើនដងមិនរៀងចាល ជនល្មើសពាក់ព័ន្ធគ្រឿងញៀន/ភេរវកម្ម ឃាតកម្ម ។ល។) បន្ថែមម៉ោងហាត់ប្រាណនិងចេញយកពន្លឺព្រះអាទិត្យឱ្យជនជាប់ឃុំ ថែរក្សាឱសថក្នុងកន្លែងសមរម្យ បន្តយកចិត្តទុកដាក់ខ្ពស់លើរបបអាហារ(ជួយកាត់បន្ថយចំណាយលើបញ្ហាសុខភាព) ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមុនសមាហរណកម្មចូលសហគមន៍វិញ បង្កើនសមត្ថភាពផលិតកម្ម សិប្បកម្មនិងកសិកម្ម និងជាពិសេសត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយមានភាពរឹងមាំ៕

អត្ថបទ៖ សង្គម​

Share.