សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​បុរស​ចំនួន​​២៤នាក់​ចុងក្រោយ ដើម្បី​ត្រៀម​ធ្វើការ​ប្រកួត​មិត្តភាព​អន្តរជាតិ ក៏​ដូចជា​ត្រៀម​ចេញ​ប្រកួត​ដណ្តើម​ពានរង្វាន់​បាល់ទាត់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Mitsubishi Electric Cup ចុង​ឆ្នាំ​នេះ។

ក្រុម​ដំរីសឹក ថៃ ស្ថិត​ក្នុង​ពូល A ជាមួយ​កម្ពុជា ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ប្រ៊ុយណេ ខណៈ​ប្រកួត​បើក​ឆាក​ក្រុម​ថៃ ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​កូឡាឡាំពួរ ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ទីម័រខាងកើត នៅ​ថ្ងៃ​ទី​២០ ខែ ធ្នូ ឆ្នាំ​២០២២ ខាង​មុខ។

អត្ថបទពាក់ព័ន្ធ៖នាយករដ្ឋមន្រ្តីថៃ៖ បើ​បាល់ទាត់​មិន​ឈ្នះ​មេដាយ​មាស​ទាំង​២គ្រឿង​ពី​ស៊ីហ្គេម​នៅ​កម្ពុជា អ្នក​ណា​ទទួល​ខុសត្រូវ?

​ការ​កោះហៅ​កីឡាករ​របស់​លោក​គ្រូ​បង្វឹក Alexandré Pölking ប្រេស៊ីល​កាត់​អាល្លឺម៉ង់ លើក​នេះ​មាន​កីឡាករ ៥នាក់​មក​ពី​ក្លិប Muangthong United ៤នាក់​មក​ពី Burriram United, BG Pathum United និង​ Chonburi ក្លិប Chiangrai United ២នាក់ ក្លិប Port ២នាក់ ក្លិប​Ratchaburi, Police Tero និង Kedah Darul Aman F.C មាន​១នាក់​ដូចគ្នា។

មុន​ការ​ប្រកួត​ផ្លូវការ​មក​ដល់​ក្រុម​ថៃ ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ ចំនួន២​លើក​សិន ដោយ​ក្នុង​នោះ​​ត្រូវ​ជួប​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី១១ ធ្នូ និង​បន្ត​ជួប​តៃវ៉ាន់ នៅ​ថ្ងៃ​ទី១៤ ធ្នូ ឆ្នាំ​២០២២ នៅ​ខេត្ត​ Pathum Thani។

អត្ថបទពាក់ព័ន្ធ៖ថៃ ណាត់​មីយ៉ាន់ម៉ា និង​តៃវ៉ាន់ ប្រកួត​មិត្តភាព​អន្តរជាតិ​មុន​ចូលរួម​ពាន2022 AFF Championship

ក្រុម​ថៃ ធ្លាប់​ឈ្នះ​ជើង​ឯក​ពានរង្វាន់ AFF Championship ដែល​ប្តួរ​ឈ្មោះ AFF Mitsubishi Electric Cup ចំនួន​៦លើក គឺ​នៅ​ឆ្នាំ​១៩៩៦,​២០០០,​២០០២,​២០១៤,​២០១៦​និង​២០២០ ខណៈ​ក្រុម​នេះ​ឈរ​ជើង​ឯក​រង ឆ្នាំ​២០០៧,​២០០៨ និង​២០១២ ផង​ដែរ៕

Share.