កំពង់ចាម ៖ នារីជានិស្សិតឆ្នាំទី២ម្នាក់ ត្រូវបានមិត្តភ័ក្រប្រុស អារកសម្លាប់ ស្លាប់ក្នុងថ្លុកឈាម ក្រោយពីជនដៃដល់ផ្ទុះកំហឹងខឹងសុំនាងរួមភេទមិនបាន បង្កឲ្យភ្ញាក់ផ្អើល អ្នកជិតខាងរាយការណ៍ទៅសមត្ថកិច្ច ឃាត់ខ្លួនជនដៃដល់បានភ្លាមៗ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ជនដៃដល់មានឈ្មោះ យឺ ម៉េងឈៀក ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។  ចំណែកជនរងគ្រោះមានឈ្មោះ វៀត ចន្ទ្រា អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យវេស្ទើន និងមានទីលំនៅ នៅភូមិស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ក្រោយពិនិត្យ និងសាកសួរ នៅកន្លែងកើតហេតុ សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះនិងជនដៃដល់ ជាមនុស្សស្គាល់រាប់អានគ្នា មិត្តភ័ក្រនឹងគ្នា ក្នុងនាមជាអ្នកភូមិស្រុកជាមួយគ្នា រៀន ជាមួយគ្នា កាលពីនៅក្មេងៗ រៀននៅអនុវិទ្យាល័យព្រីងជ្រុំ អំឡុងឆ្នាំ២០១៩ លុះដល់ប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ នារីរងគ្រោះ មានទៅបន្តសិក្សានៅ នៅសាកលវិទ្យាល័យវេស្ទើន ក្រុងកំពង់ចាម ដោយស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ របស់ឈ្មោះ លី ឈាងគី ភេទស្រី អាយុ៣៥ឆ្នាំ ជាម្ចាស់ផ្ទះ ។ ចំណែកជនដៃដល់ ក៏បែកគ្នា មិនដឹងថាប្រកបការងារធ្វីដែរ ។

ប្រភពបន្តទៀតថា នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យបានជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ តាមផ្លូវក្រុងក្រុងកំពង់ចាម ជួបនារីរងគ្រោះតាមផ្លូវ ជាចៃដន្យ សាកសួរ សុខទុក្ខ ដោយទុកចិត្ត នឹកគិតថា ជាមនុស្សរាប់អានគ្នា តាំងពីតូចៗមកម្ល៉េះ ហើយក៏ជាអ្នកភូមិស្រុកជាមួយគ្នាទៀត ជនដៃដល់បបួលដើរលេង ក្នុងក្រុងកំពុងចាម ហើយទៅដេកក្នុងបន្ទប់ជួលជាមួយគ្នាជាធម្មតា ស្រាប់តែដល់វេលាម៉ោង៥និង៣០នាទីព្រឹក ចូលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ជនដៃដល់ នឹកមានអាកម្មចំណង់ផ្លូវភេទ ក៏សុំនារីរងគ្រោះ រួមភេទ ធ្វើឲ្យជនរងគ្រោះស្រឡាំងកាំង មិននឹកស្មានដល់ ក៏ប្រកែក ក្នុងហេតុផល ជាមនុស្សរាប់អានគ្នាជាធម្មតា ម្តេចបែជាសុំ… បែបនេះទៅវិញ ធ្វើឲ្យជនដៃដល់ខឹង យកកាំបិតចិតបន្លែ ចាប់នាងអារក បណ្តាលឲ្យស្លាប់ ក្នុងថ្លុកឈាម ។

ហើយសកម្មភាពខាងលើ កើតឡើងភ្លាមៗ ដោយឮសូរមាត់អ្នកទាំង២ ធ្វើឲ្យម្ចាស់ផ្ទះជួល ឈ្មោះ លី ឈាងគី ភ្ញាក់ដឹងខ្លួន ហើយរាយការណ៍ទៅសមត្ថកិច្ច ចុះទៅហៅទ្វារឲ្យបើក ស្រាប់តែប្រទះឃើញ ជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់ ចំណែកជនសង្ស័យ ដៃកាន់កូនកាំបិតប្រឡាក់សុទ្ធតែឈាម ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

ជនសង្ស័យក្នុងករណីឃាតកម្មខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតតាង កូនកាំបិត ម៉ូតូមួយគ្រឿងរបស់ជនសង្ស័យ នាំទៅការិយាល័យជំនាញ ស្នងការខេត្តដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ។ ចណណែកសពនារីរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯផ្ទះកំណើត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.