ភ្នំពេញ៖ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្ដកាមរីបាឡែនបានបើកបរបញ្ជ្រាសទិសគ្នាមកបុកម៉ូតូមួយគ្រឿងពេញទំហឹង ហើយឡាននៅសល់ល្បឿនក៏បន្ដទៅបុកគំនរលូ និងសម្ភារៈសំណង់ ហើយកៀបជាប់នឹងផ្ទាំងផ្សព្វផ្សាយទើបអស់ល្បឿន។

ប្រភពដដែលបានបញ្ជាក់ថា ហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សស្លាប់នោះទេ ប៉ុន្ដែម្ចាស់ម៉ូតូបានរងរបួស និងម៉ូតូមួយគ្រឿងបានរងការខូចខាត ខណៈរថយន្ដ បានរងការខូចខាតយ៉ាងដំណំ។ ករណីនេះកើតឡើងកើតពីវេលាម៉ោង 3:10 នាទីទៀបភ្លឺឈានចូលថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2022 ក្នុងសង្កាត់កាកាប២ ពីខណ្ឌពោធិ៍សែនជ័ រាជធានីភ្នំពេញ។

ផ្អែកតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា បុរសម្នាក់ ជិះម៉ូតូម៉ាក pcx ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1DH-5282 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចមកកើត លុះមកដល់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញពោធិ៍ចិនតុង ក៏មានបុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ ស្លាកលេខភ្នំពេញ 2AF8597 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា មកបុកពេញទំហឹង បណ្ដាលឲ្យម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដួលរាយប៉ាយពេញផ្លូវ ឯអ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបើករថយន្តបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមានបុរសម្នាក់រករបួសធ្ងន់ហើយ បុរសជាអ្នកបើកបររថយន្តការរីបាឡែន មិនបានឈប់នៅដោះស្រាយជាមួយជនរងគ្រោះនោះទេ ដោយព្យាយាមបើករត់គេច រហូតដល់ផ្លូវ 105K  រួចបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យបែកបាក់ថូផ្កា នៅមុខផ្ទះបែកបាក់ខ្ទិចខ្ទី រួចរថយន្តមិនទាន់អស់ល្បឿនទឿត បន្តទៅបុកសសរសំយ៉ាបផ្ទះប្រជាពលរដ្ឋដាច់អស់មួយដើមទៀត ប្រភពដដែលបន្តទៀតថា រថយន្តបង្កហេតុនៅតែមិនទាន់អស់ល្បឿនទៀត ក៏បន្តទៅបុកគំនរលូ និងសម្ភារៈសំណង់ដែល ដែលនៅជិតនោះ បណ្ដាលឱ្យបែកបាក់រាយប៉ាយពេញដី ហើយរថយន្តនៅតែមិនទាន់អស់ល្បឿនទៀត ក៏បន្ដទៅបុកស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម បណ្ដាលឲ្យបាក់រលំទ្រេតទៀត ទើបរថយន្ដអស់ល្បឿនទៅមុខលែងរួច។ ចំណែកឯអ្នកបើកបរមិនមានរងរបួសនោះទេ ត្រូវបានសមត្ថកិច្ចរដ្ឋបាលឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនរគបាលសង្កាត់កាកាប២ទាំងយប់។

ក្រោយពីកើតហេតុក៏មានវត្តមានរបស់សមត្ថកិច្ច ជំនាញនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងរួចស្ទូចរថយន្តបង្កនិងម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ។

អត្ថបទ និងរូបភាព៖ ត្រយងតូច

Share.