កំពង់ចាម៖ របាយការណ៍សមត្ថកិច្ចក្រុងកំពង់ចាមបានឲ្យដឹងថា នៅវេលាម៉ោង ៥និង ៣០នាទីព្រឹកថ្ងៃទី១ ខែធ្នូកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានទទួលព័ត៌មានថា មានករណីបង្កហិង្សាក្នុងបន្ទប់ជួលរបស់និស្សិតស្រីម្នាក់។

ក្រោយទទួលព័ត៌មានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលវាលវង់ សហការចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ។ ពេលកម្លាំងចុះដល់ទីតាំងកើតហេតុក៏ប្រទះឃើញបុរសជនសង្ស័យ ដៃកាន់កូនកាំបិត ដោយមានការៈសង្ស័យ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យនោះភ្លាម និងពិនិត្យមើលក្នុង បន្ទប់ឃើញ មានស្នាមឈាមប្រលាក់ពេញការ៉ូ និងឃើញក្នុងបន្ទប់ទឹក (បន្ទប់ជួល) នោះ មានសាកសពនារីម្នាក់ ទើបសមត្ថកិច្ចសន្មត់ថា ជាករណីឃាតកម្មតែម្ដង ។ សាកសពនេះមានឈ្មោះ វៀត ចន្ទ្រា អាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យ វេស្ទើន និងមានទីលំនៅ នៅភូមិស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។


តាមការសាកសួរបុរសជនសង្ស័យមានឈ្មោះ យឺ ម៉េងឈៀក អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពអារកសម្លាប់ជនរង គ្រោះដោយយកកាំបិតបន្លែទៅអាករសម្លាប់ជនរងគ្រោះបណ្ដាលឲ្យស្លាប់កាលពីវេលាម៉ោង ៤ ព្រឹក ថ្ងៃទី០១ ខែធ្នូ ពិតប្រាកដមែន។


ជនសង្ស័យបានបន្តទៀតថា កន្លងមកខ្លួននិងជនរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នាកាលពីរៀន នៅអនុវិទ្យាល័យព្រីងជ្រុំ អំឡុងឆ្នាំ២០១៩ រហូតពេលកើតហេតុ ក៏បានជិះម៉ូតូជួបគ្នាដោយចៃដន្យ រួចក៏បបួលគ្នាដើរលេង នឹងបានជូន ជនរងគ្រោះទៅបន្ទប់ដេកវិញ ដោយខឹងជនរងគ្រោះមិនព្រមរួមមេត្រី ក៏កើតមានចិត្តខឹងអារកសម្លាប់នាងរតែម្តងទៅ ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន កាំបិតចិតបន្លែបាក់ដង១ និងម៉ូតូម៉ាកសេ១២៥ ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ (គ្មានស្លាកលេខ)គ្រឿង ហើយចំពោះលទ្ធផលធ្វើតេស្តលើទឹកម៉ូត (អវិជ្ជមាន) ។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ និងនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីបន្តកសាងសំណុំរឿង តាមនីតិវិធី ៕

អត្ថបទ៖ សាន វីឡែម


Share.