ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅចុងសប្តាហ៍ទី២នៃខែមិថុនានេះ គឺចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៧០,៨៧១នាក់ ក្នុងនោះភ្ញៀវជាតិ ៧០,១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៧៥៤ នាក់។

Telegram-Troryorng

គោលដៅទេសចរណ៍សំខាន់ៗប្រចាំសប្តាហ៍ទី២ រួមមាន៖

  • រាជធានីភ្នំពេញ៖ ១៤, ៣៧៨ នាក់
  • ខេត្តកំពង់ស្ពឺ ៖ ១០,៥១៥ នាក់
  • ខេត្តកំពត៖ ៧,៨៤៩ នាក់
  • ខេត្តព្រះសីហនុ៖ ៧,០៧៩ នាក់
  • ខេត្តបាត់ដំបង ៖ ៦,៧៩៤ នាក់
  • ខេត្តកណ្តាល៖ ៤,២០៨ នាក់

ឯកឧត្តម​រដ្ឋមន្ត្រីបន្តថា ចំនួននេះមានការថយចុះប្រមាណ ៩.៥៩% ធៀបនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ៥០.៦៩%។

ការកើនឡើងនៃជំងឺកូវីដ-១៩ នៅតាមតំបន់ខ្លះៗ នៃរាជធានីខេត្តមួយចំនួន បានធ្វើឲ្យមានការថយចុះ នៃចំនួនភ្ញៀវទេសចរ ធៀបនឹងក្នុងសប្តាហ៍កន្លងមក ហើយគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ «៣ កុំ» និង «៣ ការពារ»

លោករដ្ឋមន្ត្រីបន្ថែមថា ដោយឡែកសម្រាប់តំបន់ទេសចរណ៍អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដូចជាគីរីរម្យ ភ្នំខ្នងផ្សារ ភ្នំឱរ៉ាល់ និងគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ នៅតែជាគោលដៅដែលមានភាពទាក់ទាញ និងទ្រទ្រង់ចលនាទេសចរណ៍ផ្ទៃក្នុង៕

ប្រភព៖ ក្រសួងទេសចរណ៍

Share.