Neymar ដែលជាខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុមជម្រើសជាតិសាំបាប្រេស៊ីល បានខកខានការប្រកួតជម្រុះក្នុងពូល២ប្រកួតចុងក្រោយ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup បន្ទាប់ពីមានរបួសសរសៃពួរនៅកជើងស្តាំក្នុងការប្រកួតបើកឆាកជាមួយស៊ែប៊ី កាលពីថ្ងៃទី២៤ ខែវិច្ចិការ កន្លងទៅ។

ការប្រកួតរបស់ក្រុមជម្រើសជាតិប្រេស៊ីល នៅក្នុងពូលG នេះ ខ្សែប្រយុទ្ធ Neymar បានប៉ះទង្គិចជាមួយកីឡាករ Nikola Milenkovic បង្ករឱ្យមានរបួសកជើងហើយត្រូវបានប្តូរចេញនៅនាទី៧៩ ដោយពេលនោះក្រុមជម្រើសជាតិប្រេស៊ីលបាននាំមុខ ២-០ លើក្រុមជម្រើសជាតិស៊ែប៊ី។

Neymar បានជួបបញ្ហារបួសជើងស្តាំជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានខកខានការប្រកួត Copa America នៅ​ឆ្នាំ​២០១៩ បន្ទាប់ពីរងរបួសសរសៃពួរកជើង ហើយបន្ទាប់មក កីឡាករ​រូប​នេះ​បានចំណាយពេលជាច្រើនសប្តាហ៍ដើម្បីព្យាបាលរបួស។

កីឡាករ​មក​ពី​ក្លិប Paris Saint-Germain ប្រទេស​បារាំង ខាង​លើ​បានសរសេរសារនៅលើ Instagram របស់ខ្លួនថា៖ «គ្មានអ្វីនៅក្នុងជីវិតរបស់ខ្ញុំបានមកដោយងាយស្រួលនោះទេ ហើយខ្ញុំតែងតែត្រូវធ្វើការដើម្បីក្តីសុបិន និងគោលដៅរបស់ខ្ញុំ។ ខ្ញុំមិនដែលប្រាថ្នានរណាម្នាក់អាក្រក់ឡើយ ហើយតែងតែជួយអ្នកដែលត្រូវការ»។

ខ្សែប្រយុទ្ធឆ្នើមរូបនេះបានបន្តថា «ខ្ញុំរបួស បាទវាមិនស្អាតទេ វានឹងឈឺចាប់ ប៉ុន្តែខ្ញុំប្រាកដថា ខ្ញុំនឹងមានឱកាសត្រលប់មកវិញ ព្រោះខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីជួយប្រទេសរបស់ខ្ញុំ មិត្តរួមក្រុម និងខ្លួនខ្ញុំ»។

កីឡារមានវ័យ ៣០ឆ្នាំរូបនេះបានចូលលេងឲ្យក្រុមជម្រើសជាតិប្រេស៊ីល ចាប់តាំងពីឆ្នាំ២០១០ មក ដោយបានបង្ហាញខ្លួនចំនួន ១២២ប្រកួត នឹងរកបាន ៧៥គ្រាប់ក្នុងនាមជាខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុម។

គួរបញ្ជាក់ដែរថាក្រុមជម្រើសជាតិប្រេស៊ីល បានឡើងដល់វគ្គ១៦ ចុងក្រោយក្នុងព្រឹត្តិការណ៏ FIFA World Cup 2022 នៅប្រទេសកាតា ក្រោយយកឈ្នះលើក្រុមជម្រើសជាតិ ស៊ែប៊ី ២-០ និងភ្លាត់ចាញ់កាមេរ៉ូន ១-០ នឹងការប្រកួតចុងក្រុងបានយកឈ្នះលើក្រុមជម្រើសជាតិស្វីស ដោយលទ្ធផល ១-០។ ដោយឡែកការប្រកួតបន្ទាប់នៅវគ្គ១៦ក្រុមចុងក្រោយ គឺក្រុមជម្រើសជាតិប្រេស៊ីលត្រូវប៉ះគ្នាជាមួយក្រុមមកពីទ្វីបអាស៊ី កូរ៉េខាងត្បូង នៅវេលាម៉ោង ២:០០នាទីឈានចូលថ្ងៃទី៧ ខែធ្នូនេះ (ម៉ោងនៅកម្ពុជា)៕

ត្ថបទ៖ សុន ភានុ

Share.