សិល្បៈជាតិ៖ ប្រលោមលោក ស្រទន់មន្តស្នេហ៍ ដែលបោះផ្សាយចេញសៀវភៅជាលើកដំបូង ត្រូវបានអ្នកនិពន្ធអះអាងនៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញថា ជាសកម្មភាពសង្គមសុទ្ធសាធ ។

នៅក្នុងការគូសបញ្ជាក់ដោយមានដៃគូរបស់អ្នកស្រី គឺលោកស្រី ទីវចាន់ដេត ជានាយិការរោងពុម្ពល្បី IPMl ដែលជាដៃគូនៅក្នុងការធ្វើគម្រោងសៀវភៅ limited Edition ស្រទន់មន្តស្នេហ៍ អ្នកនិពន្ធម៉ីសនសុធារីបានលើកឡើងថា ការបោះពុម្ពលើកនេះ មើលមិនឃើញប្រាក់ចំណេញនោះទេ។

លោកស្រីបញ្ជាក់ដូចគ្នាថា នេះគឺជាសកម្មភាពបោះផ្សាយនូវស្នាដៃដ៏មានប្រជាប្រិយភាពមួយ ឱ្យចេញជារូបរាងក្រោយពីហ្វេនបានទន្ទឹងរង់ចាំរយៈពេលប្រមាណជាប្រាំបីឆ្នាំមកហើយ។ លោកស្រី ម៉ីសន សុធារី បញ្ជាក់ថា៖ «បើគិតរឿងលុយ ស្រទន់មន្តស្នេហ៍ខ្ញុំធ្លាប់បានលុយរួចហើយ លើកនេះបើខ្ញុំគិតថ្លៃកម្មសិទ្ធិបញ្ញាជាសំខាន់គឺគ្មានអ្នកណាអាចទិញសិទ្ធិរឿងនេះយកបោះពុម្ពបានដែរ ព្រោះវាថ្លៃហើយលើកនេះទុកថាសកម្មភាពសង្គម គឺយកថ្លៃមាតិកាតិចមែនទែន!»។

ស្រទន់មន្តស្នេហ៍ដែលត្រូវបានអ្នកនិពន្ធម៉ីសន សុធារី សរសេរតាក់តែងស្រេចបាច់កាលពីឆ្នាំ ២០១៥ បានទទួលការពេញនិយមរីកសាយភាយយ៉ាងរហ័សនៅក្នុងឆ្នាំដដែល ក្រោយមានអ្នកអានអនឡាញ លើប្រលោមលោក Sabay រាប់លានViews ។

ក្រោយមកមិនបានប៉ុន្មានក៏ចំណងជើងនេះ ត្រូវបានក្រុមហ៊ុន ពីរធំ គឺSabayMVP និងCBS(CTn&MyTV) ទិញសិទ្ធិយកទៅផលិតជាខ្សែភាពយន្តភាគ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាដោយមានក្រុមហ៊ុន ស្ទូឌីយោ៤ជាអ្នកផលិត។ នៅក្រោមវីដេអូរឿងស្រទន់មន្តស្នេហ៍របស់ទូរទស្សន៍ស៊ីធីអិនក៏ដូចជាMyTVមកដល់ពេលនេះ យើងនៅតែមើលឃើញComment វិជ្ជមានហូហែរថា មានការសម្តែងសម សាច់រឿងល្អ តួសម្តែងមិនខុសបំណងទស្សនិកជន។

ឥឡូវនេះ សៀវភៅពិតៗ ចំណងជើង ស្រទន់មន្តស្នេហ៍ បានចេញជារូបរាងឡើង ដោយអ្នកស្រី ទីវ ចាន់ដេត និងអ្នកនិពន្ធ ម៉ីសន សុធារី បានព្រមព្រៀងគ្នាថា លក់ចេញក្នុងតម្លៃប្រាំម៉ឺនរៀលសម្រាប់ប្រលោមលោកជាង៥០០០ទំព័រ នេះ ។ ប៉ុន្តែដើម្បីចូលរួមពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ នៅថ្ងៃសុក្រនេះ នឹងលក់ជូនក្នុងតម្លៃ ត្រឹមដប់ដុល្លារសម្រាប់អ្នកចូលរួមពិព័រណ៌សៀវភៅ ឯសម្រាប់អ្នកកក់មុនពីពេលនេះទៅ ត្រឹមតែប្រាំបីដុល្លារ ឬ៣២០០រៀល តែប៉ុណ្ណោះ ។

ប្រាំបីដុល្លារនេះអ្នកនិពន្ធបានលើកឡើងថា បើគិតទៅលើតម្លៃក្រដាស និងទឹកថ្នាំជាំងប្រាំរយទំព័រ និងថ្លៃកម្មសិទ្ធិបញ្ញាដ៏តិចតួចស្ដួចស្ដើង ព្រមទាំងកម្រៃជើងសារនៃការលក់ ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មនានា អ្នកស្រីមិនសង្ឃឹមថានឹងមានប្រាក់សេសសល់អ្វីជាដុំកំភួននោះទេពីការលក់សៀវភៅមួយនេះ។ ប៉ុន្តែភាគី លោកស្រី ទីវ ចាន់ដេត លើកឡើងថា៖ «អាចថា មិនចំណេញសោះក៏ថាបាន ប៉ុន្តែអ្នកស្រីនៅតែមានមនោសញ្ចេតនានៅក្នុងការធ្វើឲ្យគម្រោងការនេះលេចរូបរាងឡើង បម្រើទៅដល់ពាក្យថា អានសៀវភៅអានប៉ះមាតិកាដែលល្អហើយមានការផ្លាស់ប្តូរផ្នត់គំនិតដែលគិតថា ប្រលោមលោកជាសៀវភៅឥតប្រយោជន៍! មួយវិញទៀតខ្ញុំត្រៀមខ្លួមជានិច្ចក្នុងការសហការជាមួយអ្នកនិពន្ធដ៏ល្បីរបស់យើងនៅលើកក្រោយៗទៀតដោយសោមនស្សរីករាយបំផុត!»។

មិត្តអ្នកអានភាគច្រើនបានទទួលស្គាល់ថា ស្រទន់មន្តស្នេហ៍ គឺជាប្រលោមលោកដែលពោរពេញទៅដោយគំនិតស៊ីជម្រៅ ច្នៃប្រឌិតខ្ពស់និងពេញដោយការអប់រំ ដោយការបើកបង្ហាញអំពីអាថ៌កំបាំងជាច្រើននៅក្នុងឆាកសិល្បៈ ក្រោយឆាកសិល្បៈ ក៏ដូចជានៅក្នុងឧស្សាហកម្មកម្សាន្តទាំងមូល។ ប្រលោមលោកមួយនេះ ថែមទាំងត្រូវបាន បំពាក់នូវគុណតម្លៃសម្រាប់មនុស្សដែលមានភាពស្មោះត្រង់ដូចជាតួអង្គ ស្រទន់ នៅក្នុងរឿង និងមនុស្សដែលឲ្យតម្លៃទៅលើភាពស្មោះត្រង់ដូចជាតួអង្គលោក ដេតភូមិន្ទ ដែលជានាយកពាណិជ្ជកម្មរបស់ក្រុមឌីអឹម ជាក្រុមហ៊ុនបង្ហាញម៉ូតដ៏ធំមួយ។

បើតាមអ្នកនិពន្ធ មានតួអង្គហោចណាស់ ១២រូបដែលបម្រើជាតូអង្គសំខាន់នៅក្នុងសាច់រឿងមួយនេះ ជាហេតុធ្វើឱ្យកាលពីផលិតភាពយន្តភាគ ចំណាយប្រាក់ច្រើនសន្ធឹកសន្ធាប់ផងដែរ។

គួររំឭកផងដែរថា អ្នកនិពន្ធម៉ីសនសុធារី ដែលមានបទពិសោធ លើផ្នែកតែងនិពន្ធនិងដឹកនាំការតែងនិពន្ធ ចាប់តាំងពីឆ្នាំ1997ម្ល៉េះ កម្រដាក់ចេញនូវសៀវភៅបោះពុម្ពទៅលើទីផ្សារណាស់ដោយសារលោកស្រីកំពុងផ្តើមការលកអនឡាញ meysansotheary.com។ ពិតជាពិបាកនៅក្នុងការស្វែងរកជាវសៀវភៅល្បីៗរបស់អ្នកស្រីពិតមែន។ ប្រិយមិត្តអ្នកអាន អាចទៅកាន់ស្តង់លេខ34និង35របស់តម្រា ក្នុងកម្មវិធីពិព័រណ៍សៀវភៅជាតិលើកទីប្រាំបួនថ្ងៃទីប្រាំបួនដល់ថ្ងៃទីដប់មួយខែធ្នូខាងមុខនេះនៅបណ្ណាល័យជាតិនារាជធានីភ្នំពេញ ដែលនឹងមានស្នាដៃសៀវភៅរបស់អ្នកនិពន្ធរូបនេះជាច្រើនជម្រើសផងដែរ។

Share.