ដំណើរ​ដ៏​វែង​ឆ្ងាយ​របស់​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​បញ្ចប់​ហើយ ក្រោយ​ប្រកួត​តាំង​ពី​​ខែ​មីនា ដើម​ឆ្នាំ​មក ស្រប​ពេល​ដែល​​លទ្ធផល​ជា​ចុងក្រោយ​ជើង​ឯក​បាន​ទៅ​ភ្នំពេញក្រោន ខណ:វិសាខាជើងឯករង ព្រះខ័នរាជស្វាយរៀងលេខ៣ និងបឹងកេតលេខ៤។

ចំណែកឯពានរង្វាន់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ជើង​ឯកបានទៅលើវិសាខា ខណ:បឹងកេតជើងឯករង ហើយលេខ៣ភ្នំពេញក្រោន និងលេខ៤អគ្គិសនីកម្ពុជា។

ខាងក្រោមនេះគឺជាលិខិតថ្លែងអំណរគុណ ពីលោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា ដែលមានខ្លឹមសារដូចតទៅ៖

«ក្នុងនាមប្រធានក្លិបបាល់ទាត់វិសាខា នាងខ្ញុំសូមយកឱកាសនេះ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក ក្រុមការងារគ្រូ ក្រុមកីឡាករឈុតធំ ក្រុមកីឡាការិនី និងក្រុមកីឡាករយុវជនទាំងអស់ សម្រាប់ការលះបង់ និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីក្លិបកីឡាបាល់ទាត់ វិសាខា ក្នុងរដូវកាលឆ្នាំ២០២២ នេះដែលបានបញ្ចប់ទៅដោយភាពតានតឹង និងអស្ចារ្យបំផុតដោយក្លិបទទួលបានជើងឯកពានរង្វាន់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ និងទទួលបានជើងឯករងក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌាន ព្រីមៀរលីគ ឆ្នាំ២០២២»។

«ទោះបីលទ្ធផលទទួលបាន មិនដូចអ្វីដែលយើងរំពឹងទុកទាំងស្រុង តែការលះបង់ ដោយមិនគិតយប់ថ្ងៃ ឬថ្ងៃឈប់សម្រាក ឬភ្លៀង-ក្ដៅយ៉ាងណា សបញ្ជាក់ឲ្យឃើញពីស្មារតីក្រុម និងមហាគ្រួសារបាល់ទាត់ វិសាខាតែមួយ ដែលបន្សល់នូវអនុស្សាវរីយ៍ល្អៗជាច្រើន សម្រាប់ពួកយើង ក្នុងរដូវកាលនេះ ពិសេសគឺការបើកទំព័រប្រវត្តិសាស្ដ្រថ្មី ក្នុងនាមក្លិបដំបូង ដែលបានគ្រងតំណែងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៣សម័យកាលជាប់គ្នា»។

«សូមជូនពរថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក ក្រុមការងារគ្រូ ក្រុមកីឡាករឈុតធំ ក្រុមកីឡាការិនី និងក្រុមកីឡាករយុវជនទាំងអស់ សូមមានសុខភាពល្អ សុភមង្គល សម្រេចជោគជ័យការងារថ្មីៗបន្ថែមទៀត និងសូមប្រកបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

Share.