សិល្បៈជាតិ៖ សំណួរដែលសួរថា តើ ពេជ្រ សោភា រៀបការនៅថ្ងៃណាឆ្នាំណា? គឺជាសំណួរចាក់ដោតអារម្មណ៍បំផុត ដែលមហាជនអ្នកគាំទ្រគ្រប់រូបចង់ដឹងចេញមាត់តារាចម្រៀងស្រីរូបនេះ។ នៅថ្ងៃសន្និសីទសារព័ត៌មាន អ្នកនាង ពេជ្រ សោភា បាននិយាយបង្ហើបពីគម្រោងរៀបការនៅឆ្នាំក្រោយ ដោយអ្នកនាងអះអាងថា គឺជាការថត MV ខ្នាតធំ និងជាវគ្គ​បញ្ចប់​នៃសាច់រឿងរបស់អ្នកនាង និងលោក ឆឹម សក្កដា។

អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានភ្ជាប់ពាក្យកាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ដោយអ្នកនាងចាត់ទុកថា ជាការបបួលគ្នាថត​ MV ចម្រៀងវគ្គ២ ដែលជាបទ មិត្ត១០០ឆ្នាំ ហើយនឹង​ត្រៀមថតវគ្គ៣ ដែលជាវគ្គបញ្ចប់ថែមទៀតផង។ អ្នកនាង ពេជ្រ សោភា អះអាងថា ចំណងស្នេហ៍អ្នកនាងនឹងគូណ្ដឹង គឺលោក ឆឹម សក្កដា មិនខុសអ្វីពីមិត្តភក្ដិនោះទេ ព្រោះមិត្តភក្ដិគឺមិនមានថ្ងៃបែកគ្នាទេ។ នៅថ្ងៃភ្ជាប់ពាក្យអ្នកនាងមានអារម្មណ៍ភ័យខ្លាំងខុសធម្មតា ហើយអង្គុយឡើងញ័រជើង រីឯលោក សក្កដា វិញ ក៏បំពាក់ចិញ្ចៀនទាំងញ័រដៃផងដែរ។

ពេជ្រ សោភា ថាខ្លួនគ្មានអ្វីលាក់លៀមភ្នែកមហាជននោះទេ ព្រោះខ្លួនតែងតែបង្ហោះប្រាប់ហើយថា ខ្លួនថត MV បទ មិត្ត១០០ឆ្នាំ ជាមួយលោក ឆឹម សក្កដា ប៉ុន្តែបើអ្នកគាំទ្រចង់ជឿ ឬមិនជឿ ចង់គិតបែបណាក៏បានដែរ។ បើអីចឹងមែន តើ MV វគ្គបញ្ចប់នឹងថតនៅពេលណា? បានន័យថា អ្នកនាងនឹងរៀបការជាប្រពន្ធពេញសិទ្ធរបស់លោក សក្កដា នៅពេលណា?

នៅថ្ងៃដែលអ្នកទាំងពីរបានដឹកដៃគ្នាធ្វើជា BA ប្រចាំ​​​​​​​​​​​​​ហាងពេជ្រលោកស្រី ទ្រី ដាណា នៅពេលនោះអ្នកនាង ពេជ្រ បាននិយាយបែបពង្វៀងថា អ្នកនាងចង់បកស្រាយរឿងធ្លាប់មានបញ្ហាឈ្លោះគ្នាជាមួយលោក សក្ដដា ដោយអ្នកនាងថា គឺជាការឈ្លោះគ្នាពិតមែន មិនមែនសម្ដែងទេ។ ដោយសារតែគម្លាតនៃស្ថានភាពកូវីដេ ទើបធ្វើឱ្យអ្នកនាងមិនសូវបានជួបមុខលោក ឆឹម សក្កដា ហើយក៏បង្កើតជាចិត្តខឹងអន់ចិត្ត។ អ្នកនាងថា ពេលខ្លះគឺបណ្ដាលមកពីរងគំនាបស្ថានភាពនៃម៉ោងពេលការងារខុសគ្នា ដែលធ្វើឱ្យនឿយហត់រៀងខ្លួននឹងមិនមានពេលវេលាឱ្យគ្នាគ្រប់គ្រាន់។

បើនិយាយដល់រឿងរៀបការវិញ អ្នកនាង ពេជ្រ សោភា ដូចជានៅស្ទាក់ស្ទើរ និងចង់អូសបន្លាយពេលវេលាបន្ថែមទៀត ក៏ប៉ុន្តែអ្នកនាង និងលោក សក្កដា គឺចំណាយពេលមើលចិត្តគ្នាច្រើនឆ្នាំមែនទែន អាចនិយាយបានថា ៦-៧ ឆ្នាំទៅហើយ។ ពេជ្រ សោភា និយាយថា រងចាំ​មើលនៅឆ្នាំក្រោយនេះចុះថា នឹងមានអ្វីកើតឡើង។

លោក ឆឹម សក្កដា វិញក៏មិនហ៊ាននិយាយអ្វីច្រើនដែរ បានត្រឹមតែនិយាយបកស្រាយពីរឿងរ៉ាវដែលធ្វើឱ្យលោកដាច់ទំនាក់ទំនងជាមួយអ្នកនាង ពេជ្រ​ សោភា កាលពីអំឡុងពេលកូវីដ។ ហើយឥឡូវនេះលោក និងគូណ្ដឹងគឺយល់ចិត្តគ្នាវិញហើយ នឹងបានធ្វើការងាររួមគ្នាច្រើន ដូច្នោះក៏មិនខ្វះពេលដែលត្រូវផ្អែមល្ហែមដាក់គ្នានោះទេ។

ជាមួយឆ្នាំក្រោយនេះ យើងនឹងរង់ចាំមើលថា អ្នកនាង ពេជ្រ សោភា ពិតជារៀបការជាក្លាយជាប្រពន្ធពេញសិទ្ធរបស់ លោក ឆឹម សក្កដា ដូចអ្វីដែលអ្នកនាងបង្ហើបគម្រោងមែនឬយ៉ាងណា? មានតែតាមដាន MV វគ្គបញ្ចប់បន្តទៀត។

Share.