លោក Paulo Bento គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានលាលែងចេញពីតំណែងប៉ុន្មានប៉ុណ្ណោះ ក្រោយចាញ់ប្រេស៊ីល នៅវគ្គ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅកាតា។

លោក Paulo Bento ឈ្មោះពេញ Paulo Jorge Gomes Bento កើតនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៦៩ (បច្ចុប្បន្នមានវ័យ៥៣ឆ្នាំ) នៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់។

ចាប់ផ្តើមអាជីពជាកីឡាករដំបូងនៅឆ្នាំ១៩៨៨ ជាមួយក្លិប CF Benfica មុនផ្លាស់ទៅកាន់ Estrela da Amadora សមាជិកលីគទី២ព័រទុយហ្គាល់នៅឆ្នាំ១៩៨៩ លុះនៅឆ្នាំ១៩៩១ ទៅលេងក្លិប Vitória de Guimarães លីគកំពូលព័រទុយហ្គាល់ ខណ:ឆ្នាំ១៩៩៤ លេងនៅក្លិប Benfica ឆ្នាំ១៩៩៦ លេងនៅក្លិប Real Oviedo និងចុងក្រោយ Sporting CP នៅឆ្នាំ២០០០។

សម្រាប់អាជីពជាគ្រូបង្វឹកវិញម្តង ចាប់ផ្តើមដំបូងជាគ្រូយុវជនរបស់ Sporting CP នៅឆ្នាំ២០០៤ និងឡើងទៅជាគ្រូធំនៅឆ្នាំ២០០៥ លុះឆ្នាំ២០១០ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ តែងតាំងជាគ្រូឈុតធំ មុនទៅដឹកនាំក្លិប Cruzeiro នៅឆ្នាំ២០១៦ និងដឹកនាំក្រុម Olympiacos នៅឆ្នាំ២០១៧។

ខណ:នៅតំបន់អាស៊ី លោក Paulo Bento ធ្លាប់ដឹកនាំក្លិប Chongqing Liangjiang Athletic របស់ប្រទេសចិន នៅឆ្នាំ២០១៧, លុះឆ្នាំ២០១៨ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង តែងតាំងជាគ្រូឈុតធំ រហូតដល់រាត្រីចុងក្រោយកាលពីយប់មិញ។

គួរដឹងថាកាលពីរាត្រីថ្ងៃទី៥ ខែធ្នូ ក្រុមជម្រើសជាតិប្រេស៊ីល បានយកឈ្នះ ​កូរ៉េ​ខាង​ត្បូង ក្នុង​លទ្ធផល ៤-១ ឡើ​ងទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ខណ:៤​គ្រាប់​របស់​ប្រេស៊ីលស៊ុតបញ្ចូលទី​ដោយ Vinicius Junior ១​គ្រាប់​, Neymar ១​គ្រាប់, Richarlison ១​គ្រាប់ និង Paqueta ១​គ្រាប់។ ចំណែក​១​គ្រាប់​របស់​កូរ៉េ​ខាង​ត្បូងស៊ុត​ដោយ​កីឡាករ Paik៕

Share.