«ការប្រកួតប្រជែងក្នុងរដូវកាល២០២២ បានបិទជាស្ថាពរទៅហើយ ហើយដូចឆ្នាំមុនដែរ យុទ្ធនាការរបស់ពួកយើងបានបញ្ចប់ជាមួយលទ្ធផលមួយដែលពុំជាទីគាប់ចិត្តសម្រាប់អ្នកគាំទ្ររបស់ពួកយើងឡើយ»។ នេះជាការលើកឡើងរបស់លោក បែ មករា អគ្គលេខាធិការក្លិប​បាល់ទាត់​បឹងកេត នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ។

លោក បែ មករា បាន​បន្ត​ថាជាថ្នាក់ដឹកនាំមួយរូបក្នុងក្លិប លោក​មានចំណែកធំមួយក្នុងការទទួលខុសត្រូវចំពោះលទ្ធផលទាំងនោះ។ លោក​ពិតជាពិបាកក្នុងការរកពាក្យមកពណ៌នាសូមទោសអ្នកគាំទ្រនិងថ្នាក់ដឹកនាំក្លិបឱ្យបានគ្រប់គ្រាន់។

លោកបានលើកឡើងថា៖«ជ័យជម្នះគឺសំខាន់ ការលើកពានគឺអស្ចារ្យ ដែលនរណាៗក៏ប្រាថ្នាចង់បាន រួមទាំងថ្នាក់គ្រប់គ្រង គ្រូបង្វឹក និងកីឡាករបឹងកេតគ្រប់រូបផងដែរ។ តែទោះយ៉ាងណា ជ័យជម្នះគឺពុំមែនជាអ្វីៗគ្រប់យ៉ាងឡើយនៅក្នុងកីឡាបាល់ទាត់។ លោកថា ពួកយើងពុំបានឈ្នះពាន ប៉ុន្តែពួកយើងបានផ្ដល់ឱកាសដល់យុវជនជាច្រើនឱ្យបានបញ្ចេញសមត្ថភាព តម្រង់ផ្លូវរបស់ពួកគេឱ្យក្លាយជាធនធានល្អៗសម្រាប់ក្រុមជម្រើសជាតិនិងជាពលរដ្ឋល្អនិងរឹងមាំសម្រាប់សង្គមជាតិ»។

អគ្គលេខាធិកាក្លិបបឹងកេត រូបនេះបានបញ្ជាក់ថា៖«ខ្ញុំសូមគោរពថ្លែងអំណរគុណដោយស្មោះចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃក្លិបបឹងកេត ចំពោះការទុកចិត្ត ការចង្អុលបង្ហាញជាមួយដំបូន្មានល្អៗដើម្បីកសាងក្រុមឱ្យបានរីកចម្រើនទៅមុខ។ ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនឧបត្ថម្ភទាំងអស់របស់ក្លិបបឹងកេត ដែលតែងតែជាតួអង្គសំខាន់មិនអាចខ្វះបាននៅពីក្រោយភាពស្ថិតស្ថេររបស់ក្លិប»

ជាចុងក្រោយលោក បែ មករា សូមអរគុណក្រុមគ្រូបង្វឹក ក្រុមការងារពេទ្យ ក្រុមកីឡាករ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ចំពោះការលះបង់ញើសឈាមគ្រប់បែបយ៉ាងដើម្បីក្លិប។ ជាពិសេស អរគុណដល់អ្នកគាំទ្រដ៏អស្ចារ្យរបស់បឹងកេត ដែលតែងតែនៅជាមួយក្លិបគ្រប់ពេល មិនថាពេលរីករាយឬពេលក្រៀមក្រំ។ ក្លិបនឹងបន្តខិតខំបំពេញចំណុចខ្វះខាតដើម្បីប្រជែងយកឱ្យបានអ្វីមួយសម្រាប់អ្នកគាំទ្ររបស់យើង។ ហើយនឹងនៅតែបន្តរួមចំណែកបណ្ដុះបណ្ដាលធនធានល្អៗឱ្យបានកាន់តែច្រើនថែមទៀតសម្រាប់បាល់ទាត់កម្ពុជា។

ក្រុម​បឹងកេត បាន​បញ្ចប់​រដូវកាល​ឆ្នាំ​២០២២ នេះ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League ឈរ​លេខ​៤ ក្នុង​តារាង​រួម​ដែល​មាន​សមាជិក​៨ក្រុម ខណៈ​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ ក្រុម​នេះ​បាន​ត្រឹម​ជើង​ឯករង និង​ក្នុង​ពានរង្វាន់ Cambodian League Cup 2022 បឹងកេត ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨ក្រុម​ចុងក្រោយ បន្ទាប់​ពី​ចាញ់​វិសាខា ២-០៕

Share.